ស្រវឹង​ស្រាយ​ក​ដាវ​ភ្ជង់​គំ​រាម​អារ​ក​អ្នក​លក់​ទឹក​ត្នោត​ជូរ​

ភ្នំពេញ៖ កាលពីវេលាម៉ោង ១០ និង ៣០ នាទី យប់ថ្ងៃទី១៩ ខែធ្នូ បុរសម្នាក់ស្រវឹងស្រា ខឹងខ្ចីកែវផឹកស្រាពីអ្នកលក់ទឹកត្នោតជូរមិនឲ្យ បានយកដាវសាំមូរ៉ៃ ទៅភ្ជង់គំរាមអារក ធ្វើឲ្យអ្នកលក់ទឹកត្នោតជូរភ័យពេក រត់ទៅប្តឹងប៉ូលិសឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង នៅចំណុចស្ពានអាកាសក្បាលថ្នល់ត្រើយខាងលិច សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អ្នកលក់ទឹកត្នោតជូរ ឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិឈូក ឃុំគោករវាង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ដឹកទឹកត្នោតជូរដើរលក់ ហើយបានទៅឈប់លក់នៅចំណុចកើតហេតុខាងលើ។

លុះជិតដល់ម៉ោងគាត់ត្រឡប់ទៅផ្ទះវិញហើយ ស្រាប់តែមានបុរស ២នាក់ ក្នុងសភាពស្រវឹងស្រាបានទៅសុំខ្ចីកែវរបស់គាត់យកទៅផឹកស៊ីបន្តទៀត។ ពេលនោះគាត់មិនឲ្យ ដោយសារគាត់ត្រូវត្រឡប់ទៅផ្ទះវិញហើយ។

បន្ទាប់មកស្រាប់តែបុរសម្នាក់ក្នុងចំណោម ២នាក់នោះបានយកដាវសាំមូរ៉ៃ ទៅភ្ជង់គំរាមអារកគាត់ តែពេលនោះបុរសម្នាក់ទៀតបានឃាត់ថា កុំធ្វើបែបនេះអី។ តែបុរសរូបនោះមិនស្តាប់ទេ នៅតែភ្ជង់ ធ្វើឲ្យអ្នកលក់ទឹកត្នោតភ័យ រត់គេចខ្លួនទៅប្តឹងប៉ូលិសគោលដៅជិតកន្លែងកើតហេតុ ទើបសមត្ថកិច្ចឃាត់ខ្លួនបានជនបង្កម្នាក់នោះ រួមជាមួយដាវសាំមូរ៉ៃ នាំយកទៅប៉ុស្តិ៍ទន្លេបាសាក់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close