បើករ​ថយន្ត​បុក​រៈ​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ៥​កង់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២០ និង២០នាទីយប់ ថ្ងៃទី១៩ ធ្នូ យុវជនម្នាក់បើករថយន្ត កូរ៉ូ ឡាមួយគ្រឿងក្នុងល្បឿនលឿន រេចង្កូតបុករះរបាំងថ្មចែកទ្រូងផ្លូវបាក់អស់ចំនួន៥កំណាត់ ស្ថិតនៅចំណុច មុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ចដែលចុះទៅពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2E-8661 បើកបរដោយយុវជនម្នាក់វ័យជាង២០ឆ្នាំ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញរថយន្តបង្កហេតុ បោះពួយយ៉ាងលឿន តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពី ត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបើកគេចជាមួយនឹងរ៉ឺម៉កកង់បី រេចង្កូតបុករៈរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បែក ខ្ទាតរាយប៉ាយពេញផ្លូវ ចំណែកឯរថយន្ត បានដាច់កង់មុខ ខ្ទាតជាង១០ម៉ែត្រពីចំណុចកើតហេតុ ប៉ុន្តែអ្នកបើកបររថយន្តមិនមានរងរបួសអ្វីឡើយ។

បន្ទាប់ពីកើតហេតុ ប៉ូលិសមូលដ្ឋាន សហការជាមួយប៉ូលិសជំនាញ ចុះវាស់វែងដកហូតយករថយន្តបង្កហេតុ ទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយសំណងជូនរដ្ឋ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close