តាំងខ្លួន​ជា​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​ជម្រិត​ទារ​លុយ​ពី​យុវ​ជន​ម្នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៨ ធ្នូ ២០១២ មនុស្សចំនួន៤នាក់បានអះអាងថាជាកម្លាំងនគរបាលក្រសួងមហាផ្ទៃជិះម៉ូតូចំនួន២ គ្រឿង ស្លៀកពាក់ស៊ីវិល បានមកចាប់វាយខ្នោះ យុវជនម្នាក់ កំពុងជិះម៉ូតូ តែម្នាក់ឯង រួចហើយជម្រិត ទារប្រាក់ចំនួន ៥០០ដុល្លារជាថ្នូរការដោះលែងវិញ ខណៈជនរងគ្រោះកំពុងជិះម៉ូតូ តែម្នាក់ឯងចេញពីផ្ទះមិត្ដភក្ដិមកដល់ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានបានឱ្យដឹងថា  ខណៈដែលយុវជនឈ្មោះរិទ្ធ កំពុងជិះម៉ូតូតែ ម្នាក់ឯងនោះ ស្រាប់តែលេចមុខមនុស្ស៤នាក់ ជិះម៉ូតូពីរគ្រឿង ហើយអះអាងថា ជានគរបាលក្រសួងមហាផ្ទៃ បានចាប់វាយខ្នោះយុវជនរូបនេះ ដោយចោទថា មានគ្រឿងញៀន រួចហើយទារលុយ ៥០០ដុល្លារ ប៉ុន្ដែយុវជនរូបនោះថា គ្មានលុយ ទើបទារចុះពី៥០០ដុល្លារមក៤០០ដុល្លារ រហូតដល់១០០ដុល្លារ  ។

ប៉ុន្ដែដោយសារតែ គ្មានលុយ១០០ដុល្លារនៅជាប់ខ្លួន ជនទាំង៤ នាក់ឱ្យយុវជនឈ្មោះរិទ្ធ ជិះម៉ូតូឌុបទៅផ្ទះ ដើម្បីទៅយកលុយ ហើយសន្យាថា នឹងឱ្យ លុយ១ម៉ឺនរៀលជិះម៉ូតូឌុប បន្ទាប់ពីឆែក ឃើញលុយ១០ដុល្លារនៅក្នុងហោប៉ៅរបស់ យុវជនឈ្មោះរិទ្ធ ។ ពេលនោះយុវជនឈ្មោះ រិទ្ធ បានជិះម៉ូតូឌុបចេញបានបន្ដិច ក៏ទូរស័ព្ទ ទៅរាយការណ៍ឱ្យអ្នកកាសែត ទើបអ្នកកាសែត ចុះទៅយកព័ត៌មានភ្លាមៗ ប៉ុន្ដែជនទាំង៤នាក់នោះ បានជិះម៉ូតូគេចមុខ តែម្ដង បន្ទាប់ពីបានលុយ ១០ដុល្លារនោះ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close