ក្មេងទំនើង ២ក្រុមដេញកាប់ចាក់គ្នា
ភ្នំពេញ៖ ក្រុមក្មេងទំនើង ២ ក្រុមដេញ កាប់ចាក់គ្នាបណ្តាលឲ្យម្នាក់រងរបួសចំខ្នងពីក្រោយ ហើយ ត្រូវបានមិត្តភ័ក្ត្រដឹកតាមម៉ូតូទៅព្យាបាលរបួសដោយខ្លួនឯង ចំណែកក្រុម ជនបង្កបន្ទាប់ពីមានការបាញ់ ៤-៥ គ្រាប់ ពីសំ ណាក់សម្ថកិច្ច ដើម្បីបំបែកហ្វូងពួកគេ ទើប ពួកគេបើកម៉ូតូគេចខ្លួនបាត់អស់។
ហេតុការណ៍បានកើតឡើងកាលពីម៉ោង ១៦:១០នាទី ល្ងាចថ្ងៃទី១៧ ធ្នូ ២០១២ នៅចំណុចផ្លូវលេខ៦៣ ខាងកើតឈៀងខាងត្បូងផ្សារទំនើរសូរិយា ខាងមុខ ហាងលក់គ្រឿងអលង្កា និងត្បូង លីម នាឡិកា ស្ថិត ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌ ដូនពេញ។
បើកតាមសម្តីរបស់ជនរងគ្រោះឈ្មោះ គង់ សំណង ភេទប្រុស អាយុ១៧ឆ្នាំ បានអោយដឹងថា នៅមុនពេលកើតហេតុខ្លួននឹងមិត្តភ័ក្ត្រ បាន ឈរនៅកន្លែងកើតហេតុ ហើយមានទំនាស់ពាក្យស្តីជាមួយបក្សពួកម្ខាងទៀត ក្រោយពីមានទំនាស់ពាក្យសម្តីរួចមកខាងជនបង្កមានបក្ខពួកមកបន្ថែមទៀត ដោយនៅក្នុងដៃមានកាន់ដាវសាម៉ូរៃ ៤-៥ មកដេញកាប់ខ្លួន (ជនរងគ្រោះ) ពេលកំពុងដេញកាប់ចាក់គ្នា ក៏បានការអន្តរាគម៍៍ ពីប៉ូលិសដែលនៅក្បែរនោះទើបជនបង្កបានគេចខ្លួនអស់។
ភ្លាមនោះ ក៏មានខាងមន្ត្រីប៉ូលិស និងប៉េអឹមចុះទៅដល់កន្លែងកើត ហេតុសួរនាំរឿងករណីបាញ់បោះសេរី ទើបដឹងថា ជាករណីបាញ់បង្អើលដើម្បីបំបែកហ្វូងក្មេងទំនើង ដែលដេញកាប់គ្នា។ ជនរងគ្រោះ ត្រូវបានមិត្តភ័ក្ត្រដឹកតាមម៉ូតូទៅព្យាបាលរបួសផងដែរ៕
ដោយ៖ ហេង នាង