ស្លាប់​យ៉ាងតិច ២៧នាក់ នៅក្នុង​ការ​បាញ់ប្រហារ​ក្នុង​សាលារៀន​នៅ​អាមេរិក

កាលពីថ្ងៃសុក្រ ម្សិលមិញ ខ្មាន់កាំភ្លើងមួយរូបបានចូលទៅធ្វើការបាញ់ប្រហារ នៅក្នុងសាលាបឋមសិក្សាមួយក្នុងរដ្ឋConnecticutសហរដ្ឋអាមេរិកបណ្តាល ឲ្យកូនសិស្ស២០នាក់និងគ្រូ៦នាក់បាត់បង់ជីវិត ។ ខ្មាន់កាំភ្លើងខ្លួនឯងក៏បាន ស្លាប់នៅក្នុងហេតុការណ៍នេះដែរ ។ នេះគឺជាសោកនាដកម្មថ្មីមួយទៀត ដែលនឹងបង្កឲ្យមានការចោទជាសំណួរជុំវិញសិទ្ធិសេរីភាពក្នុងការទិញ និងកាន់ កាប់អាវុធ នៅក្នុងសហរដ្ឋអាមេរិក។

ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ជាទូទៅថា ជាយុវជនវ័យ ២០ឆ្នាំ ឈ្មោះ Adam Lanza ដែលកាលពីក្មេងធ្លាប់ជាសិស្ស នៅសាលាបឋមសិក្សា Sandy Hook ដែលកើតមានហេតុការណ៍បាញ់ប្រហារនេះ។ Adam Lanza រស់នៅក្នុងផ្ទះជាមួយ ម្តាយ ដែលជាគ្រូបង្រៀននៅសាលា Sandy Hook នេះដែរ។

Jean-Louis Pourtet អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិប្រចាំ រដ្ឋធានីវ៉ាស៊ីងតោនបានរាយការណ៍លម្អិតថា ជាដំបូង Adam Lanza បាន សម្លាប់ម្តាយរបស់ខ្លួនឯងនៅក្នុងផ្ទះ បន្ទាប់មកទើបធ្វើដំណើរទៅសាលា ហើយបើកការបាញ់ប្រហារនៅក្នុងថ្នាក់រៀន ដោយប្រើអាវុធខ្លីចំនួនពីរដើម។ ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗក៏ប៉ុន្តែហេតុការណ៍នេះបានបញ្ចប់ រួចទៅហើយ ដោយប៉ូលិសមិនបានផ្ទុះអាវុធមួយគ្រាប់ឡើយ ។ ហេតុដូច្នេះហើយ បានជាគេសន្និដ្ឋានថា Adam Lanza ដែលគេឃើញស្លាប់នៅទីកើតហេតុដែរ នោះប្រហែលជាបានបាញ់សម្លាប់ខ្លួនឯង មុននឹងប៉ូលិសមកដល់។

គិតជាសរុប ក្រៅពីខ្មាន់កាំភ្លើង និងម្តាយ ហេតុការណ៍បាញ់ប្រហារនៅ Connecticut នេះ បានបណ្តាលឲ្យមនុស្សចំនួន ២៦នាក់បាត់បង់ជីវិត ក្នុងនោះ មាន ២០នាក់ គឺជាកូនសិស្ស ដែលមានអាយុចន្លោះពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ។ នេះ គឺជាលើកទី៣ហើយនៅក្នុងឆ្នាំ២០១២នេះ ដែលអាមេរិកជួបប្រទះនឹងហេតុការណ៍ បាញ់ប្រហារដោយមិនរើសមុខបែបនេះ ដែលជាហេតុនាំឲ្យមានការចោទសួរអំពី ច្បាប់របស់អាមេរិក ដែលផ្តល់សិទ្ធិសេរីភាពជ្រុលហួសហេតុ ដល់ពលរដ្ឋទូទៅ ក្នុងការទិញ និងកាន់កាប់អាវុធដោយស្របច្បាប់។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ កាលពីម្សិលមិញនេះ លោក អូបាម៉ាបានថ្លែង ដោយភាពក្តុកក្តួលអួលដើមក ចូលរួម រំលែកទុក្ខដល់ក្រុម គ្រួសារ ជនរងគ្រោះ ហើយបានអំពាវនាវឲ្យអ្នកនយោបាយគ្រប់និន្នាការទាំងអស់ ធ្វើការរួមគ្នា ដើម្បីចាត់វិធានការធ្វើយ៉ាងណាបង្កាកុំឲ្យមានហេតុការណ៍បាញ់ ប្រហារបែបនេះទៀតទៅថ្ងៃអនាគត ។ លោកអូបាម៉ាត្រូវបានគេ ស្គាល់ជា ទូទៅថាជាប្រធានាធិបតីដែលមានឆន្ទៈ ចង់រឹតបន្តឹងការទិញដូរនិងកាន់កាប់អាវុធ នៅអាមេរិក ។ ក៏ប៉ុន្តែ ការបង្កើតច្បាប់ដើម្បីគ្រប់គ្រងអាវុធនេះគឺជារឿងស្មុគ ស្មាញ ដោយសារតែសមាជិកសភាភាគច្រើនទាំងអ្នកមកពីគណបក្សប្រជាធិប តេយ្យទាំងមកពីគណបក្សសាធារណរដ្ឋនាំគ្នាបារម្ភខ្លាចបាត់បង់សន្លឹក ឆ្នោត ពីពលរដ្ឋដែលមានកាន់អាវុធ។

នៅខាងក្រៅសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំកំពូលៗជាច្រើនរួមមានអគ្គលេខាធិការ អ.ស.ប. សម្តេចប៉ាប ប្រមុខដឹកនាំសហភាពអឺរ៉ុប អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អូស្រ្តាលី ហ្វ៊ីលីពីន ជាដើម សុទ្ធតែបាននាំគ្នាចូលរួមសម្តែងក្តី អាណិតអាសូរ និងក្តីរន្ធត់ ចំពោះហេតុការណ៍បាញ់ប្រហារដោយមិនរើសមុខនេះ។ សូម្បីតែអ៊ីរ៉ង់ ដែលជាគូសត្រូវរបស់អាមេរិក ក៏បានចូលសម្តែងមរណទុក្ខចំពោះ ក្រុមគ្រួសារជនរងគ្រោះ ក្នុងការហេតុការណ៍នេះដែរ៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close