ស្ដ្រីកូនខ្ចីម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី១៣ ធ្នូ ២០១២ ស្ដ្រីម្នាក់ ដែលទើបតែ សម្រាលកូនបាន២ខែ ត្រូវបាននគរបាលប៉ុស្ដិ៍ទឹកថ្លាចាប់ខ្លួនពីបទបន្លំលួចយកលុយ អ្នកលក់ឥវ៉ាន់ ចាប់ហួយ នៅផ្ទះលេខ២៤៧ ក្រុមទី៨ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្រ្តីជាជនសង្ស័យមានឈ្មោះ ចាន់ ស្រីនាង អាយុ៣០ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទើបតែសម្រាលកូន២ខែ។ ចំណែកជនរងគ្រោះ ម្ចាស់ផ្ទះកន្លែងកើតហេតុនោះ មានឈ្មោះ យូ វ៉ាន់ហោ អាយុ៤២ឆ្នាំ មានមុខរប ជាលក់ដូរគ្រឿងទេសគ្រប់មុខ។
ប្រធានប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា បានឱ្យដឹងថា មុនពេលកើតហេតុគេ ឃើញស្ដ្រី ជនសង្សស័យ ដើរចូលផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពអើតឡើមៗ ក្រោយមក បានដើរសម្តៅទៅធុង ដាក់លុយ ហើយលូកយកលុយ ពីធុងនោះ បម្រុងរត់គេ តែក៍ត្រូវម្ចាស់ផ្ទះ ឃើញទាន់ ចាប់ខ្លួនបានភ្លាមៗ ប្រគល់មកឱ្យសមត្ថកិច្ច។
ក្រោយសមត្ថកិច្ចសាកសួរ ស្ដ្រីសង្ស័យ បានសារភាពថា រូបគេពិតជា មានបំណងលួច យកលុយពីធុង របស់ជនរងគ្រោះ ដែលជាអ្នកលក់ចាប់ហួយ ពិតប្រាកដមែន ដោយសារតែខ្លួន ក្រពេក គ្មានលុយចិញ្ចឹម និងទិញទឹកដោះគោឱ្យកូន ដែលទើបសម្រាលរួច ២ខែ ។ ក្រោយពីសាកសួររួច ស្រ្តីរូបនេះត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ការសម្រេចយ៉ាងណានោះ គឺមានតុលាការតែប៉ុណ្ណោះ ៕
ដោយ៖ ហេង នាង