ដាច់​ចរន្ត​អគ្គិសនី​មួយ​ចំ​ហៀង​ក្រុង​ដោយ​សារ​ផ្ទុះ​ឧបករណ៍​យោង​​ខ្សាច់​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ធ្នូ នៅវេលាម៉ោង៨ និង៣៦ នាទី ចរន្តអគ្គិសនីមួយចំហៀងក្រុងភ្នំពេញប៉ែកខាងលិច ត្រូវបានដាច់ ខណៈពេលដែលទុស្សេផ្ទុះឧបករណ៍យោងខ្សាច់ និងឥដ្ឋ យោងទៅជាន់ទី២ បណ្តាលឲ្យកម្មករសំណង់ម្នាក់ រងរបួសធ្ងន់ ស្ថិតនៅតាមផ្លូវន័រប៊្រីដ មុខផ្ទះល្វែងសាងសង់ ៦ល្វែង ទល់មុខរោងចក្រកាត់ដេរសម្លៀកបំពាក់ ណាន់ គង់ មានទីតាំងនៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមសម្តីកម្មករសំណង់ផ្នែកខាងរៀបឥដ្ឋ ឈ្មោះ ហ៊ល កុសល ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេកំពុងរៀបឥដ្ឋនៅជាន់ទី២ ក្នុងការដ្ឋានសាងសង់ផ្ទះ៦ល្វែង ។ ជនរងគ្រោះ ឈ្មោះ ប៉ា វ៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិបឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកនៅឈរចុចកុងតាក់ បញ្ជាយោងខ្សាច់ និងឥដ្ឋឡើងទៅជាន់ខាងលើ ខណៈពេលដែលកំពុងតែយោង ស្រាប់ផ្ទុះកុងតាក់ឆេះខ្លោចមុខមួយចំហៀង ខាងស្តាំ និងខ្លោចដៃស្តាំ បណ្តាលឲ្យដាច់ចន្តរអគ្គិសនី នៅអនុស្ថានីយទី១ ប៉ែកខាង ខណ្ឌឬស្សីកែវ ទាំងស្រុងតែម្តង។

ទន្ទឹមនឹងការដាច់ចរន្តអគ្គិសនីនេះ ខាងអគ្គិសនីកម្ពុជាបានទាមទារលក្ខខណ្ឌ ២ចំណុច ក្នុងនោះទី១ ទាមទារឲ្យម្ចាស់ការដ្ឋានសំណង់ខាងលើ ជួសជុលសងការខូចខាតចរន្តអគ្គិសនីវិញ និងទីពីរទាមទារសំណង ធ្វើឲ្យដាច់ចរន្តអគ្គិសនី គិតជាគីឡូវ៉ាត់ម៉ោង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close