អង្គការ​ខាណា​បង្ហាញ​របាយ​ការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​រើស​អើង​​​​អ្នក​ផ្ទុក​មេរោគ​អេដស៍​

កាលព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១២ អង្គការខាណាបានផ្សព្វផ្សាយរបាយការណ៍មួយ ដែលបង្ហាញពីទំហ៊ំនៃការមាក់ងាយរើសអើងនឹងអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា។ ផ្អែកតាមរបាយការណ៍ ដែលចេញផ្សាយក្នុងសៀវភៅមួយដែលមានឈ្មោះថា “សន្ទស្សន៍នៃការមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍” ឆ្នាំ២០១០ របស់បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការរើសអើងពាក់ព័ន្ធវិស័យការងារ ទំនាក់ទំនងក្នុងសង្គម លំនៅដ្ឋាន ការអប់រំ និងសិទិ្ធខាងសុខភាព។

យោងតាមរបាយណ៍ខាងលើ ទម្រង់នៃការរើសអើងមានរាប់បញ្ចូលនូវការនិយាយរអេចរអូច ការយារយី ការបំភិតបំភ័យ ការបៀតបៀនខាងផ្លូវកាយ ការគៀបសង្កត់ផ្លូវចិត្ត។ របាយការណ៍ក៏បានលើកឡើងពីការជាប់ពាក់ព័ន្ធរបស់បុគ្គលិកសុខាភិបាលក្នុងការរើស អើងនឹងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ទម្រង់នៃការរើសអើងដោយបុគ្គលិកសុខាភិបាលមានដូចជា ការប្រាប់ឱ្យអ្នកផ្ទុកឈប់បន្តមានកូន ឬឱ្យពួកគេគ្រៀវ ប្រាប់កុំបន្តឱ្យមានគត៌ និងការច្រានចោលពីការថែទាំ ព្រោះតែពួកគេផ្ទុកមេរោគអេដស៍ជាដើម។

ទាក់ទងនឹងទំហ៊ំនៃការរើសអើងខាងលើ លោកស្រី ម៉ារី នាយិកាអង្គការយូអិនអេដស៍បានមានប្រសាសន៍ថា អ្នកផ្ទុកមេរោគអេដស័មានសិទិ្ធពេញលេញដូចមនុស្សដទៃទៀត រាប់ទាំងសិទិ្ធមានកូន និងបង្ករបង្កើតគ្រួសារ សិទិ្ធទទួលបានការថែទាំសុខភាព រួមទាំងសុខភាពបន្តពូជ សិទិ្ធរក្សាការអាថ៌កំបាំង ដែលទាំងអស់នេះជាសិទិ្ធមនុស្សជាមូលដ្ឋានរបស់ពួកគេ។ លោកស្រីបានអំពាវនាវឱ្យបង្កើនការយល់ដឹងអំពីសិទិ្ធមនុស្សរបស់អ្នកផ្ទុកមេរោគអេដស៍ អំពីមេរោគអេដស៍ និងផ្លាស់ការគិតខុសអំពីមេរោគអេដស៍ ក្នុងចំណាមសាធារណជនទូទៅឱ្យបានឆាប់រហ័សបន្ថែមទៀត។ លោកស្រីក៏ស្នើសុំឱ្យពង្រឹងការអនុវត្តច្បាប់ស្តីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីក រាយដាលមេរោគអេដស៍និងជំងឺអេដស៍ ដែលបានធានាដល់សិទិ្ធមនុស្សរបស់អ្នកផ្ទុកមេរោគអេដស៍ ហើយដែលច្បាប់នេះបានអនុម័តរួចហើយដោយសភាជាតិ និងបានប្រកាសឱ្យប្រើដោយព្រះរាជក្រមតាំងតែពីឆ្នាំ២០០២កន្លងមកម្លេះ។

ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិ បានមានប្រសាសន៍ថា របាយការណ៍សន្ទស្សន៍នៃការមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍ឆ្នាំ២០១០ បានជួយជម្រុញឱ្យមានការពិភាក្សាបន្ថែមទៀត ដើម្បីឱ្យប្រទេសកម្ពុជាអាចសម្រេចដល់គោលដៅសូន្យបីក្នុងឆ្នាំ២០២០ ក្នុងនោះសូន្យ១គឺ គ្មានការឆ្លងមេរោគអេដស៍ថ្មី សូន្យ២គឺ គ្មានការស្លាប់ដោយសារមេរោគអេដស៍ និងសូន្យបី៣គឺគ្មានការរើសអើងនិងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។

ទាក់នឹងរបាយការណ៍ស្តីពីសន្ទស្សន៍នៃការមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍ ឆ្នាំ២០១០  លោកបណ្ឌិត ហេង សុភាព នាយកប្រតិបត្តិនៃអង្គការ ខាណា បានមានប្រសាសន៍ថា របាយការណ៍នេះបានមកពីការសម្ភាសន៍អ្នកផ្ទុកមេរោគអេដស៍ចំនួន ៣៩៤ នាក់ក្នុងខេត្តចំនួន ៥ ក្នុងឆ្នាំ២០១០ ដែលមានការគាំទ្របច្ចេកទេសពីអង្គការខាណា ផ្តល់មូលនិធិដោយអង្គការយូអិនអេដស៍ និងមានការផ្តល់យោបល់ពីគណៈកម្មាធិការប្រឹក្សាយោបល់ ដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

លោកវេជ្ជបណ្ឌិតបន្តថា ពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីសន្ទស្សន៍នៃការមាក់ងាយអ្នករស់នៅជាមួយមេរោគ អេដស៍ឆ្នាំ២០១០ នេះធ្វើឡើងក្នុងកិច្ចសហការជាមួយបណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជា (ស៊ីភីអិនផ្លាស់) និងអង្គការយូអិនអេដស៍។ លោកមានប្រសាសន៍ថា របកគំហើញក្នុងរបាយការណ៍ បានប្រាប់ពីគម្រោងកម្មវិធី និងសេចក្តីសម្រេចចិត្តខាងគោលនយោបាយដែលត្រូវធ្វើបន្តទៀត និងសកម្មភាពដែលអង្គការខាណាកំពុងតែធ្វើក្នុងការរួមចំណែកបញ្ចប់ការមាក់ងាយនិង រើសអើងនៅកម្ពុជា ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close