នគរបាលរាជធានីភ្នំពេញបញ្ជាឱ្យបញ្ជូនជនស្រវឹងលើសកំណត់ទៅតុលាការ
ភ្នំពេញ ៖ ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរ កំពុងតែមានការកើនឡើងនាពេល បច្ចុប្បន្ន ដែលបណ្ដាលមកពីគ្រឿងស្រវឹងនោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជា ឱ្យសមត្ថកិច្ចតាមខណ្ឌទាំង៩ រួមទាំងកម្លាំងនគរ បាលចរាចរណ៍ទាំងអស់ ត្រូវរឹតបន្ដឹងចំពោះការត្រួត ពិនិត្យជាតិអាកុល ហើយលោកស្នង ការបានបញ្ជាយ៉ាងដាច់ខាត សមត្ថកិច្ចត្រូវបញ្ជូនជនទាំងឡាយណា ដែលហូបគ្រឿង ស្រវឹង មានជាតិអាកុលខ្ពស់ ទៅកាន់តុលាការ ។
ប្រតិបត្ដិការត្រូវបានធ្វើឡើង ជាបន្ដបន្ទាប់ នៅពេលយប់ក្នុងខណ្ឌទាំង៩ ពីសំណាក់កម្លាំងនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ សហការ ជា មួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង៩ ចំពោះការត្រួតពិនិត្យជាតិអាកុលទៅលើអ្នកដំណើរ ពោល ត្រូវបង្កើនការអប់រំចំពោះពួកគាត់ ឱ្យយល់ដឹងពីអត្រាគ្រោះថ្នាក់ចរាចរ ដែលកំពុងតែកើនឡើងនាពេល បច្ចុប្បន្ននេះ និងមួយផ្នែកបណ្ដាលមកពីអ្នកបើកបរទាំងនោះ មានអាការស្រវឹង ខ្លាំង ។
សមត្ថកិច្ចជំនាញ បានឱ្យដឹងថា កម្រិតដែលត្រូវផាកពិន័យ ចំពោះជនណាដែលមានជាតិអាកុលក្នុងខ្លួន ចាប់ពី០,៤០ឡើង ទៅ ហើយច្បាប់តម្រូវឱ្យ ផាកពិន័យ ពី ២ម៉ឺន៥ពាន់រៀល ទៅ ១លានរៀល ហើយត្រូវជាប់ពន្ធនាគារ ពី ៦ថ្ងៃ ទៅ ៦ខែ ៕
ដោយ៖ ហេង នាង