​កម្ពុជា​ប្តេជ្ញា​ទប់​ស្កាត់​បទ​ល្មើស​ជួញ​ដូរ​មនុស្ស

ភ្នំពេញ៖ មន្រ្តីចម្រុះមកពីស្ថាប័នផ្សេងគ្នា និងសង្គមស៊ីវិលចំនួន១៦ នាព្រឹកថ្ងៃទី៦ ធ្នូ ២០១២នេះ បានពិភាក្សាគ្នាជាច្រើនស្តី អំពី វិធានការនៃការទប់ស្កាត់បទល្មើស នៃការជួញ ដូរមនុស្ស ជាពិសេសជនទេសន្តប្រវេស ឬក៏ជនចំណាក់ស្រុក ដែលងាយស្រួលចាញ់បោកគេ។

កិច្ចពិភាក្សាដែលបានរៀបចំដោយ អង្គការ វិនរ៉ក អន្តរជាតិ សហការជាមួយនិងមន្រ្តីចម្រុះ របស់រាជរដ្ឋាភិបាលកម្ពុជា មានក្រសួងមហាផ្ទៃ ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកិច្ចការនារីហើយ រួមនិងអង្គការសង្គមស៊ីវិល ចំនួន១៥ផ្សេងទៀត នាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានី ភ្នំពេញ។

ថ្លែងនៅក្នុងកិច្ចពិភាក្សានេះលោកឧត្តមសេនីយ៍ត្រី ទែន បូរ៉ាវី អនុប្រធាននាយកដ្ឋាននគរបាល យុត្តិធម៌ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការជួញដូរមនុស្ស នៅឆ្នាំ២០១២នេះ នៅតែឈរត្រឹងដដែល ប៉ុន្តែលោកមិនបានបញ្ជាក់ អំពីតួលេខច្បាស់លាស់ឡើយ។ លោកបន្តថា ក្រុមការងារ របស់លោក តែងតែធ្វើការសហការ ជាមួយនឹងអង្គការសង្គមស៊ីវិលជាច្រើន ដើម្បីទប់ស្កាត់នូវអំពើជួញដូរមនុស្សនៅកម្ពុជា។

អ្នកស្រី ប្រាក់ ចន្ថា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចពិភាក្សានេះមានសារៈសំខាន់សម្រាយមន្រ្តី ពាក់ព័ន្ធទាំងអស់ ដែលចង់លុបបំបាត់ការជួញដូរមនុស្ស ហើយវាជាយុទ្ធវិធីដ៏ល្អបំផុត សម្រាប់ផ្លាស់ប្តូរបទ ពិសោធន៍គ្នា ទៅវិញទៅមក ដើម្បីស្វែងរកគន្លឹះទ្វារណាមួយ សម្រាប់ទប់ស្កាត់នឹងបទល្មើស នៃការជួយដូរមនុស្សនៅកម្ពុជានោះ។

បន្ទាប់ពីមានកិច្ចពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍នឹងគ្នា នោះ ទាំងសង្គមស៊ីវិល និងរាជរដ្ឋាភិបាលបានប្តេជ្ញាថា ពួកគេនឹងខិតខំប្រឹងប្រែង ឲ្យកាន់ តែខ្លាំងក្លាបន្ថែម ចំពោះបទល្មើស នៃការជួញដូរមនុស្សនៅកម្ពុជា។ ហើយពួកគេរំពឹងថា នឹងធ្លាក់ចុះចំពោះជនរងគ្រោះ ដែលត្រូវបានគេជួញដូរ៕

ដោយ៖ ហេង នាង

លោកឧត្តមសេនីយ៍ត្រី ទែន បូរ៉ាវី អនុប្រធាននាយកដ្ឋាននគរបាល យុត្តិធម៌ក្រសួងមហាផ្ទៃ (រូប dap) ។

Related Articles

Back to top button
Close
Close