ជនមួយក្រុមព្រួតវាយយុវជនម្នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង២៣និង៣០នាទី យប់ថ្ងៃទី៥ ខែធ្នូ យុវជនម្នាក់បានរងរបួស យ៉ាងធ្ងន់ធ្ងរក្នុងអំពើហិង្សាវាយក្បាលនឹងថូស្រាបៀ បណ្តាលឲ្យបែកក្បាលហូរឈាម កក្លាក់ស្រោចខ្លួន ហើយរត់មកប្តឹងនគរបាលប៉ុស្តិ៍បឹងកេងកងទី៣ ឲ្យជួយចាប់ភាគីបង្ក ហេតុម្ខាងទៀតនៅចំណុចមុខហាងលក់ដូរគ្មានយីហោមួយកន្លែង ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
យុវជនរងគ្រោះនៅទាន់បានត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារក្រោយពេលកើតហេតុភា្លមៗសមត្ថកិច្ចមូលដ្ឋានមិនហ៊ានសួរនាំ ឡើយ ព្រោះស្ថានភាពរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តាមប្រភពព័ត៌មានត្រួសៗបានឲ្យដឹងថា មូលហេតុដែលយុវជនខាងលើនេះត្រូវភាគីម្ខាងទៀតព្រួតវាយបណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរនោះ គឺដោយសាររូបគេបានចូលទៅក្នុងហាងលក់ដូរដែលគ្មានយីហោខាងលើ ហើយបានបបួលមនុស្សស្រីម្នាក់ទៅចូលស៊ីផឹកនៅក្នុង ហាងដើម្បីទៅដេក ជាមួយគ្នា។ ផ្តើមចេញពីបញ្ហានេះក៏ត្រូវបងប្រុសនារីម្នាក់ដែលយុវជន រងរបួស បបួលទៅដេកជាមួយនោះ ព្រួតគ្នាទៅវាយក្បាលនឹងថូស្រាបៀបណ្តាលឲ្យរង របួសធ្ងន់ធ្ងរ។
ករណីខាងលើនេះសមត្ថកិច្ចមូលដ្ឋានមិនទាន់កំណត់បានមុខសញ្ញាដែលព្រួត គ្នាវាយយុវជនរងគ្រោះបណ្តាលឲ្យរងរបួសនៅឡើយទេ ហើយក៏ពុំដឹងថាអាចពាក់ព័ន្ធជាមួយម្ចាស់ហាងដែរឬអត់?៕
ដោយ៖ ហេង នាង