យុវជនម្នាក់ត្រូវនគរបាលពីបទប្រើអំពើហិង្សាដោយចេតនា
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី៥ ធ្នូ២០១២ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ប្ញស្សីកែវ ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានទទួលតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលចោទប្រកាន់ពីបទ ប្រើអំពើហិង្សាដោយចេតនា ស្ថិតនៅចំណុចភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។
យុវជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះ លី ប៉ៅហួត ហៅ ឆៃ មានមុខរបរនិងអាសយដ្ឋានមិនពិតប្រាកដ ចំណែកឯជនរងគ្រោះមានឈ្មោះ លី ភក្ត្រ ភេទស្រី អាយុ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះជួលក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា ជនល្មើសនិងជនរងគ្រោះគឺជាសង្សារនឹងគ្នាអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយមូលហេតុដែលបង្កឲ្យមានអំពើហិង្សានេះកើតឡើង គឺដោយសារតែជនល្មើសតែងតែរករឿងប្រច័ណ្ឌនាង ដោយចោទថានាងមានទំនាក់ទំនងជាមួយប្រុសថ្មី។
លុះដល់ថ្ងៃកើតហេតុកាលពីវេលាម៉ោង៨និង៤៥នាទី ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ នៅពេលដែលជនរងគ្រោះដើរចេញពីហាងកាហ្វេ ដើម្បីទៅរកហូបបង្អែមនៅចំណុចផ្លូវលំមួយ ស្រាប់តែជនល្មើស បានចាប់អូសដៃនាងឲ្យចូលទៅក្នុងផ្ទះបងប្អូនរបស់គេដែលនៅក្បែរនោះ រួចបានចាប់ច្របាច់ក និងទះកំផ្លៀងនាងជាច្រើនដៃ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនរងគ្រោះបានទាមទារឲ្យជនល្មើសសងប្រាក់ ជំងឺចិត្តចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែជនល្មើសមិនព្រមសង ដោយនិយាយថាគ្មានលុយឲ្យនោះទេ ចង់ប្តឹងអីក៏ប្តឹងទៅ
បច្ចុប្បន្នជនល្មើសកំពុងត្រូវបានឃុំខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ ប្ញស្សីកែវ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ ហេង នាង