យុវជន៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កាលពីវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ធ្នូ ២០១២ យុវជន២នាក់ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន នៅចំណុចផ្លូវលេខ២២៣ ក្រុមទី៥៤ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ពាក់ព័ន្ធនឹងសកម្មភាពទទួលផលចោរកម្ម។

តាមការឲ្យដឹងពីសមត្ថកិច្ច ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ទី១មានឈ្មោះ សៅ រស្មី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទះពុំស្គាល់លេខ ផ្លូវលេខ២២០Z សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ( ជាអ្នកទទួលទិញម៉ូតូ ) ទី២ឈ្មោះ លី គឹមសួរ ហៅ សួរ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ៣C ផ្លូវលេខ២៦១ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ជាអ្នកធ្វើ សកម្មភាពយកម៉ូតូពីជនរងគ្រោះ ) និងទី៣មានឈ្មោះ ពុន ពិសី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នករកម៉ូយទិញម៉ូតូ )។ ចំណែកឯជនរងគ្រោះមានឈ្មោះ ធួក ធិ ភេទប្រុស អាយុ ២១ឆ្នាំមុខរបរនិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានព្រះកុសុម: ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង២២:០០នាទី ជនរងគ្រោះឈ្មោះ ធួក ធិ បានជិះម៉ូតូ ម៉ាក HondaC125 ពណ៌ខ្មៅ ស៊េរី2012 ពាក់ស្លាកលេខកំពង់ស្ពឺ 1E-1730 ទៅលេងនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ហើយក៏បានជួបជាមួយជនសង្ស័យឈ្មោះ លី គឹមសួរ ដែលជាជនល្មើស។

ពេលនោះជនល្មើសក៏បានសុំជនរងគ្រោះរាប់អានគ្នាជាមិត្តភ័ក្ត្រ ដោយបបួលគ្នាស៊ីផឹកនិងដើរលេង រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៧:៣០នាទី ជនសង្ស័យបានពឹងអោយជនរងគ្រោះជូនមកផ្ទះ ពេលធ្វើដំណើរជនសង្ស័យជាអ្នកបើកម៉ូតូឌុបជនរងគ្រោះ លុះមកដល់ចំណុចមុខផ្ទះលេខ៨AF ផ្លូវលេខ២៦៥ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជនសង្ស័យបានឈប់ម៉ូតូ ហើយក៏បានប្រើល្បិចឲ្យជនរងគ្រោះរង់ចាំនៅទីនេះសិន ដោយសុំខ្ចីម៉ូតូជិះទៅផ្ទះមួយភ្លែត បន្ទាប់មកក៏បើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង២:៣០នាទីរំលងអាធ្រាត្រ កំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចេញល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ក៏បានប្រទះជាមួយជនសង្ស័យឈ្មោះ សៅ រស្មី និងឈ្មោះ ពុន ពិសី កំពុងជិះម៉ូតូដោយគ្មានពាក់ស្លាកលេខ និង គ្មានមួកកញ្ចក់ នៅចំណុចផ្លូវលេខ២២៣ ក្រុមទី៥៤ ភូមិ ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយមានការសង្ស័យកំលាំងរបស់អធិការដ្ឋានក៏បានឃាត់ឲ្យឈប់ដើម្បី ធ្វើការពិនិត្យ និងធ្វើការសាកសួរ ដោយម៉ូតូនេះគ្មានឯកសារសំគាល់ សមត្ថកិច្ចក៏បានសាកសួរដេញដោល ពេលនោះជនសង្ស័យទាំងពីរនាក់ បានសារភាពថា ម៉ូតូនេះខ្លួនបានទិញពីឈ្មោះ សួរ ( លី គឹមសួរ ) ទើបសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវរកឃើញជនរងគ្រោះ ព្រមទាំងឃាត់ខ្លួនជនសង្ស័យឈ្មោះ លី គឹមសួរ ដែលជាជនដៃដល់ ដែលបានយកម៉ូតូពីជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close