បើក​រថ​យន្ត​ជ្រុល​ទៅ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្រ្តី​ម្នាក់​បាក់​ក​ជើង​

ភ្នំពេញ ៖ នៅវេលាម៉ោង ៣និង១០ នាទីរសៀលថ្ងៃទី៣ ធ្នូ ២០១២ ម៉ូតូរត់ឌុបដឹកស្រ្តីចំណាស់ម្នាក់ ជិះឆ្លងផ្លូវ ត្រូវរថយន្តបើកលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំពីមុខកិនជាប់ពីលើម៉ូតូ បណ្តាលឲ្យស្រ្តីជិះពីក្រោយ បាក់កជើងស្តាំ អ្នករត់ម៉ូតូឌុបរលាត់ដៃជើងតិចតួច នៅម្តុំឡានទឹកជិតលូទឹកស្អុយ តាមផ្លូវលេខ៣៦០កែង១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ តាមផ្លូវលេខ១០៥ ពីជើងទៅត្បូង ឆ្លងកាត់ទទឹងផ្លូវ ចំណែករថយន្តកាមរីឆ្លាម ពណ៌ស្ករ ជិះតាមផ្លូវលេខ៣៦០ ពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ម៉ូតូជិះឆ្លងផ្លូវ រថយន្តបើកលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូកិនជាប់ពីក្រោមរថយន្ត បណ្តាលឲ្យស្រ្តីអ្នកជិះពី ក្រោយរបួសបាក់ជើងស្តាំ និងអ្នកបើកម៉ូតូរលាត់ដៃជើងតិចតួច ។

អ្នកបើកម៉ូតូមានឈ្មោះ គិន ដារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ចំណែកស្រ្តីរងគ្រោះ មានឈ្មោះ ម៊ី ម៉ានូលី អាយុ ៥៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ អ្នកបើករថយន្តមានឈ្មោះ ហត រ៉ុង ភេទប្រុស អាយុ ៤៦ឆ្នាំ ជាមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ 8B សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បានសងសំណងទៅអ្នករត់ម៉ូតូឌុបចំនួន ៥០ដុល្លារ ចំណែកស្រ្តីរងគ្រោះ បានជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតហើយធានាចេញថ្លៃព្យាបាល ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close