ទីតាំង​អ៊ីនធើរ​ណេត ​បង្កប់​ល្បែង​ហ្គេម​ពីរ​កន្លែង​ត្រូវ​បាន​បង្ក្រាប​

ភ្នំពេញ ៖ ទីតាំងល្បែងហ្គេមពីរកន្លែង ជ្រកក្រោមស្លាកអ៊ីនធើរណេត ត្រូវបានកម្លាំង ប៉ូលិសផ្នែកសន្តិសុខ  និងផ្នែកអន្តរាគមរបស់ខណ្ឌពោធិ៍សែនជ័យ និងប៉ូលិសប៉ុស្តិ៍ចោម ចៅ ដោយមានការចូលរួមពីសំណាក់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ភ្នំពេញផង ចុះធ្វើការបង្ក្រាប ។

នៅក្នុងពេលចុះទៅដល់កម្លាំងសមត្ថកិច្ចខាងលើ ឃាត់ប្រមូលបានក្រុមសិស្សសាលា ដែលកំពុងលេងនៅទីនោះ ជាង ៣០នាក់ ព្រមទាំងនាំខ្លួនម្ចាស់ហ្គេមទៅធ្វើការសាកសួរផងដែរ។ ទីតាំងហ្គេមនោះ ត្រូវកម្លាំងសមត្ថកិច្ចចុះធ្វើការបង្ក្រាបកាលពីវេលាព្រឹក ថ្ងៃទី៣ ឆ្នូ ២០១២ មានយីហោអ៊ីនធើរណេតក្លឹប២ និងអ៊ីនធើរណេតស្កាយឡាញ ស្ថិតក្នុងបូរីលឹម ឈាងហាក់ ភូមិថ្នល់បំបែកសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រធានផ្នែកសន្តិសុខនគរបាលខណ្ឌពោធិ៍សែនជ័យ លោកកែវ ប៊ុនរិទ្ធ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចខាងលើ មានការដឹកនាំដោយលោកវរសេនីយ៍ត្រី ចាប ចាន់ថា អធិការរងផ្នែកសន្តិសុខ និងលោកវរសេនីយ៍ត្រីតូចផនអធិការរងផ្នែកអន្តរាគមខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីសំណាក់លោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចប្រមូលបានក្រុមសិស្សសាលា ដែលគេចសាលាចំនួន ៣៤នាក់ ។ ក្រៅពីនេះ ដកហូតម៉ូតូចំនួន ៧គ្រឿងកង់ បានចំនួន ២០គ្រឿង និងម៉ាស៊ីនកុំព្យូទ័រជាង ៥០គ្រឿង ព្រមទាំងបានឃាត់ខ្លួន ម្ចាស់ហ្គេមទាំងពីរទីតាំងខាងលើទៅធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌ។ ចំណែកឯសិស្សសាលាទាំង ៣៤នាក់ ត្រូវបាននាំទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យឪពុកម្ដាយទៅធានាយកត្រឡប់ទៅវិញ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close