ចាញ់​ល្បែង​អស់​លុយ​បែក​គំនិត​យក​កាំ​ភ្លើង​ជ័រ​ភ្ជង់​ប្លន់​​អ្នក​​ដូរ​​លុយ​​និង​វេលុយ

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០ និង ១០ នាទីព្រឹកថ្ងៃទី ០២ ធ្នូ ២០១២ បុរសម្នាក់ដែលជាអណិជនមកពីក្រៅប្រទេសក្រោយពីចាញ់ល្បែងអស់លុយពី ខ្លួនបានបែកគំនិត ទិញកាំភ្លើងជ័រ មកធ្វើសកម្មភាពភ្ជង់ប្លន់ យកលុយពីផ្ទះអ្នកដូរលុយ និងវេប្រាក់ នៅចំណុចផ្ទះលេខ ១២ ផ្លូវលេខ ២៩៨ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ខេម រ៉ានង ភេទប្រុសអាយុ ៤១ ឆ្នាំ ស្នាក់នៅផ្ទះប៊សិនបូរី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះដែលត្រូវជនល្មើសនេះយក កាំភ្លើងមកវាយមានឈ្មោះ ឡោ លីឆេង ភេទស្រី អាយុ ២៣ ឆ្នាំជានិស្សិតស្នាក់នៅ កន្លែងកើតហេតុ ។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ខេម រ៉ានង បានដើរមកឈរនៅមុខផ្ទះរបស់គេខណៈ ជនរងគ្រោះស្មានតែ អ្នកមកវេប្រាក់ ឬដូរប្រាក់ ក៏បានបើកទ្វារឲ្យឈ្មោះ ខេម រ៉ានង នេះដើរចូលក្នុងផ្ទះ ពេលចូលដល់ក្នុងផ្ទះស្រាប់តែជនសង្ស័យ ដកកាំភ្លើងមួយដើមចេញពីចង្កេះមកភ្ជង់ឈ្មោះ ឡោ លីឆេង ឲ្យប្រមូលប្រាក់ឲ្យរូបគេ ខណៈនោះស្រាប់តែម្តាយនារីជនរងគ្រោះដែលមានឈ្មោះ សាន សុឌី បានរត់ចេញទៅខាងក្រៅផ្ទះ ហើយស្រែកឆោឡោថា មានចោរប្លន់។

ភ្លាមៗនោះដោយមានការសហការគ្នាពីប្រជាពលរដ្ឋ ជាមួយសមត្ថកិច្ចមូល ដ្ឋាន ក៏ឡោព័ទ្ធចាប់បានជនសង្ស័យភ្លាមៗតែម្តង ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេម រ៉ានង បានឆ្លើយសារភាពថាខ្លួនពិតបានយកកាំភ្លើងជ័រ មកធ្វើសកម្មភាពភ្ជង់ប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះខាងលើពិតមែន ប៉ុន្តែមូលហេតុដោយសារតែខ្លួនចាញ់នៅស្រុកខ្មែរ អស់លុយពីខ្លួន ក៏បែកគំនិតមកធ្វើចោរ ប្លន់តែម្តងទៅ ។

ចំពោះករណីប្លន់ខាងលើដោយយោងទៅតាមសកម្មភាពជាក់ស្តែង និងចម្លើយសារភាពរបស់ជនសង្ស័យ និង ពាក្យបណ្តឹងប្តឹងជនសង្ស័យពីបទប្លន់ប្រដាប់អាវុធ សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី ១ បានបញ្ជូនខ្លួនជនសង្ស័យទៅឃុំខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសាកសួរឲ្យបានច្បាស់ រួចបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close