បើក​រថយន្ត​បុក​រះ​ខ្ទេច​រថយន្ត​បី​គ្រឿង​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១៩ និង ០០ នាទីយប់ថ្ងៃទី ០២ វិច្ឆិកា ២០១២ រថយន្តបួនគ្រឿងត្រូវរងការខូចខាតក្នុងខណៈដែលរថយន្តមួយគ្រឿងទៀតម៉ាក លែនរ៉ូវែ បើកចេញពីការ៉ាស់លក់ឡាន ហើយជ្រុលបុករះរថយន្តបីគ្រឿង ដែលចតនៅចិញ្ចើមផ្លូវលេខ ១៣៦ ទល់មុខស្នាក់ការប៉ុស្តិ៍មិត្តភាព ក្នុងខណ្ឌ៧ មករា។

រថយន្តបង្កហេតុម៉ាក លែនរ៉ូវែ ពណ៌ខ្មៅ និងរថយន្តរងគ្រោះបីគ្រឿងទី ១ ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ទី២ រថយន្តម៉ាក កូរ៉ូឡា ពណ៌ស្ករ និងទី៣ ម៉ាក ស៊ី អរ វី ពណ៌ទឹកប្រាក់ ។

សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កហេតុម៉ាកលែនរ៉ូវែ បើកបរដោយបុរសម្នាក់ចេញពីការ៉ាសលក់រថយន្ត ក្នុងទិសដៅឆ្លងកាត់ផ្លូវលេខ ១៣៦ ស្រាប់តែរថយន្តបង្កហេតុ បើកយ៉ាងលឿនឆ្លងកាត់ផ្លូវ បណ្តាលឲ្យបុករះរថយន្ត ស៊ី អរ វី កំពុងបើកបរខ្ទេចគូថរថយន្តនិងរបួសធ្ងន់ម្នាក់ ហើយរថយន្តបន្តជ្រុលទៅបុក រថយន្តកាមរីបាឡែនដែលចតស្ងៀមខ្ទេចមួយចំហៀង បន្តជ្រុលទៅបុក រថយន្តកូរ៉ូឡាចំពីមុខខ្ទេចកៀបជាប់គ្នាទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ រថយន្តបង្កហេតុទុក និង បញ្ជូនម្ចាស់រថយន្ត ស៊ី អរ វី ដែលរងរបួសធ្ងន់ទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងនគរបាលចរាចរណ៍ខណ្ឌ៧មករា បានសហការជាមួយនិងប៉ូលិស ធ្វើការវាស់វែងនាំរថយន្តទាំងបួនគ្រឿង រួមជាមួយនិងអ្នកបើកបរថយន្តលែនរ៉ូវែ ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close