ប៉ូលីស​បង់ក្លាដែស​ចាប់​ខ្លួន​មនុស្ស​បីនាក់​ទាក់ទង​នឹង​រឿង​អគ្គីភ័យ​រោងចក្រ​កាត់ដេរ​កាលពី​ថ្ងៃសៅរ៍​មុន

ប្រសិនបើគ្មានការហាមប្រាមកម្មករ រោងចក្រចាកចេញពីរោងចក្រជាបន្ទាន់ ដើម្បីគេចចេញពីអគ្គិភ័យកាលពីយប់ថ្ងៃសោរ៍មុនទេក៏គ្មានមនុស្សស្លាប់រហូត ដល់ជាង១00នាក់ដែរ។ ថ្ងៃនេះ ប៉ូលីសបង់ក្លាដែស បានចាប់ខ្លួនមនុស្សបីនាក់ បន្ទាប់ពីមានអ្នករាយការណ៏មកថា ជនទាំងបីនាក់នេះបានហាមឃាត់កម្មករ មិន អោយចេញពីកន្លែងធ្វើការនៅពេលមានអគ្គិភ័យកើតឡើង។កាលពីយប់ថ្ងៃសៅរ៍ សប្តាហ៏មុន អគ្គិភ័យមួយបានកើតឡើងនៅរោងចក្រកាត់ដេរ Tazreen Fashion ជិតក្រុងដាកា បានបង្កអោយមានមនុស្សស្លាប់ ១១០នាក់ ។

ជនជាប់ចោទទាំងបីនាក់ដែលត្រូវប៉ូលីសចាប់ខ្លួននៅថ្ងៃពុធនេះសុទ្ធតែជាអ្នក ទទួលខុសត្រូវនៅក្រោមបន្ទុកគ្រប់គ្រងរបស់ម្ចាស់ រោងចក្រកាត់ដេរ ដែលត្រូវ ភ្លើងឆេះកាលពីយប់ថ្ងៃសៅរ៍មុន។ កម្មករដៃលរួចផុតពីការស្លាប់នៃអគ្គិភ័យ បានប្រាប់ប៉ូលីសថាជនទាំងបីរូបនេះបានហាមប្រាមពួកកម្មករដែលកំពុងភ័យស្លន់ ស្លោ មិនអោយចាកចេញពីរោងចក្រទេ ដោយប្រាប់ថា អគ្គិភ័យនេះគ្រាន់តែ ជាការធ្វើការសាកល្បងសាមញ្ញមួយរបស់រោងចក្រ ប៉ុណ្ណោះហើយ ក៏គ្មានអ្វី គួរអោយត្រូវភ័យខ្លាចនោះដែរ។

កាលពីថ្ងៃអង្គារម្សិលមិញប៉ូលីសបង់ក្លាដែសចាប់បានម្ចាស់រោងចក្រកាត់ដេរ ដែលរត់គេចខ្លួន ឈ្មោះឌេលវ៉ា ហូសសាន់ យកមកសួរចំលើយ បំភ្លឺអំពី ស្ថាន ភាពនាពេលមានភ្លើងឆេះ។ប៉ូលីសក៏បានសាកសួរផងដែរ អំពីបែបផែននៃការសាងសង់ រោងចក្រ ព្រោះថា រោងចក្រកាត់ដេរនេះមានរហូតដល់ទៅ៩ជាន់ ខុសពីស្តង់ដារ សាងសង់ដែលកំណត់សង់ត្រឹមតែបីជាន់ប៉ុណ្ណោះ។

កាលពីថ្ងៃសៅរ៍សប្តាហ៏មុន អគ្គិភ័យនៅរោងចក្រកាត់ដេរ Tazreen Fashion ស្ថិតក្នុងតំបន់រោងចក្រAshuliaជិតក្រុងដាកាបានបង្កមនុស្ស ស្លាប់ ១១០នាក់  និងរបួសជាង១០០នាក់។យោងតាមសមាគមការពារកម្មកររោងចក្រកាត់ដេរមួយ  ដែលមានទីតាំងនៅប្រទេសហូឡង់ចាប់តាំងពីឆ្នាំ២០០៦មកមានកម្មករកាត់ដេរ  ប្រហែលជា៧០០នាក់ បានបាត់បង់ជីវិតក្នុងអគ្គិភ័យនៅប្រទេសបង់ក្លាដែស ៕ ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close