ចិន​ធ្វើការ​ចុះចត​យន្តហោះ​ចម្បាំង​លើ​នាវា​ផ្ទុក​យន្តហោះ​ជា​លើកទី១​ដោយ​ជោគជ័យ

ចិនបានធ្វើការចុះចតយន្តហោះចម្បាំង នៅលើនាវាផ្ទុកយន្តហោះរបស់ខ្លួន ជាលើកទីមួយ ហើយការចុះចតនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ នេះ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ (Xinhua) ដែលបានដកស្រង់សម្តីរបស់មន្រ្តីកងទ័ពជើងទឹកចិន។ ជោគជ័យនៃការចុះចតសាក ល្បងនេះ គឺជាជំហានថ្មីមួយទៀត ក្នុងដំណើរការពង្រីកទ័ពជើងទឹករបស់ចិនក្នុង អំឡុងពេលដែលជម្លោះដែនទឹកនៅក្នុងតំបន់កំពុងតែមានភាព តានតឹងខ្លាំង។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ យន្តហោះដែលចុះចតលើនាវាផ្ទុក យន្តហោះចិននេះគឺជាយន្តហោះធុនJ-15ដែលផលិតដោយចិនខ្លួនឯង ផ្ទាល់។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះរបស់ចិន ឈ្មោះ Liaoning ជានាវាចាស់របស់ អតីត សហភាពសូវៀត ដែលចិនបានទិញពីអ៊ុយក្រែន ហើយយកមកកែលម្អឡើងវិញ រួចហើយដាក់ឲ្យដំណើរការជាផ្លូវការ កាលពីខែកញ្ញាកន្លងទៅនេះ។ ក៏ប៉ុន្តែ នាវាផ្ទុកយន្តហោះនេះនៅមិនទាន់អាចប្រើក្នុងប្រតិបត្តិការយោធានៅឡើយ ទេ ដោយសារតែរាល់ប្រតិបត្តិការយោធានៅលើនាវាផ្ទុកយន្តហោះនេះ កំពុង ស្ថិតក្នុងការសាកល្បងនៅឡើយ។ យន្តហោះចម្បាំងធុន J-15 ដែលយកគំរូ តាមយន្តហោះចម្បាំងរុស្ស៊ី ធុន Sukhoi Su-33 របស់រុស្ស៊ី ក៏កំពុងតែស្ថិត ក្នុងការសាកល្បងដែរ។

ក៏ប៉ុន្តែមន្ត្រីយោធាចិនបានអះអាងថា ការចុះចតសាកល្បងដោយជោគជ័យ របស់ យន្តហោះ J-15 នៅលើនាវាផ្ទុកយន្តហោះ Liaoning នៅពេលនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍសមត្ថភាពទ័ពជើងទឹកចិនដើម្បីអាចបើក ធ្វើ ប្រតិបត្តិការយោធានៅឆ្ងាយពីព្រំដែនរបស់ខ្លួន បាន។

គេសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងពេល ដែលសេដ្ឋកិច្ចចិនកំពុងតែរីកចម្រើនខ្លាំង ចិនបានចំណាយលុយយ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងការបង្កើនកម្លាំងទ័ពរបស់ខ្លួន ជាពិសេស ទ័ពជើងទឹកដែល ជាហេតុធ្វើឲ្យប្រទេសមួយចំនួន ដែលជាប់ជម្លោះដែនទឹកជាមួយចិន មានការព្រួយ បារម្ភ អំពីយុទ្ធសាស្រ្តរបស់ចិន។

កាលពីដើមឆ្នាំនេះ មន្រ្តីចារកិច្ចតៃវ៉ាន់បានអះអាងថា ក្រៅពីនាវាមុជទឹក Liaoning ដែលចិនទើបនឹងដាក់ឲ្យដំណើរការនេះ ចិនកំពុងតែសង់នាវាមុជទឹកចំនួន ២គ្រឿងបន្ថែមទៀត។

រហូតមកទល់បច្ចុប្បន្ននេះ នាវាផ្ទុកយន្តហោះនៅតែជានិមិត្តរូបដ៏សំខាន់ មួយនៃអំណាចខាងយោធា ពីព្រោះវាជាមូលដ្ឋានទ័ពអាកាសចល័ត ដែលគេអាច ធ្វើការផ្លាស់ទីតាំងទៅដល់ស្ទើរតែគ្រប់កន្លែងទាំងអស់នៅលើ ពិភពលោក។ បច្ចុប្បន្ននេះប្រទេសមិនច្រើនទេដែលមាននាវាផ្ទុកយន្តហោះ។សហរដ្ឋអាមេរិក គឺជាប្រទេសដែលមាននាវាផ្ទុកយន្តហោះច្រើនជាងគេបំផុត គឺមានរហូតដល់ទៅ ១១គ្រឿងហើយកំពុងតែសង់ ៣គ្រឿងបន្ថែមទៀត។អ៊ីតាលីមាន២គ្រឿង ចំណែក បារាំងរុស្ស៊ី ចិន ឥណ្ឌា និងអេស្ប៉ាញ មាន១គ្រឿងម្នាក់។ បើគិតជាសរុបទៅ នាវាផ្ទុកយន្តហោះគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក បូកបញ្ចូលគ្នា ទៅក៏នៅតែមិនទាន់ស្មើនឹងសហរដ្ឋអាមេរិកផង។ លើសពីនេះទៅទៀតនាវា ផ្ទុកយន្តហោះរបស់អាមេរិកមួយគ្រឿងៗ អាចផ្ទុកយន្តហោះចម្បាំង រហូត ដល់ទៅ៩០គ្រឿងពោលគឺប្រទេសខ្លះមានទ័ពអាកាសមិនស្មើនឹងនាវាផ្ទុកយន្ត ហោះរបស់អាមេរិក មួយគ្រឿងផង៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close