ប្រទេសទាំង២៧នៃសហភាពអឺរ៉ុបខ្វែងគំនិតគ្នាលើការចាយវាយថវិកា
នៅក្នុងជំនួបប្រជុំសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រសង្កេតឃើញ ថាប្រទេសទាំង ២៧ បានបែងចែកជាពីរបក្សពួកដោយសារតែគ្មានការសំរុះសំរួលគ្នាលើគំរោងថវិកា។
ក្រុមប្រទេសទីមួយដែលមានប្រទេសបារាំងនាំមុខជាមួយនឹងប្រធាន ក្រុមប្រឹក្សាអឺរ៉ុប លោកអ៊ែរម៉ាន់វ៉ាន់រំពុយមានគំរោងចាយវាយថវិកា៩៨៥កោដិអឺរ៉ូសំរាប់រយៈពេល ៧ឆ្នាំ។ ក្រុមប្រទេសទាំងនេះជាក្រុម មានមហិច្ឆតាខ្ពស់មានគំនិតផ្តោតជំនួយ សំខាន់ដល់នយោបាយកសិកម្មរួម នៅសហភាពអឺរ៉ុប។
ប៉ុន្តែក្រុមប្រទេសទីពីរយល់ថា៩៨៥ពាន់លានអឺរ៉ូនេះជាថវិកាដ៏លើសលុបហួសប្រមាណ នៅពេលដែលសហភាពអឺរ៉ុបកំពុងត្រូវការរឹតបន្តឹងលើនយោបាយថវិកាក្នុងស្រុក។ នៅក្នុងក្រុមប្រទេសទីពីរគេឃើញមានប្រទេសស៊ុយអែត ហូឡង់ និងអង់គ្លេសជា អ្នកនាំមុខ។ក្រុមនេះជាក្រុមប្រទេសដែលផ្តល់វិភាគទានផ្ទាល់ដល់សហភាពអឺរ៉ុប។ លោកនាយករដ្ឋ មន្ត្រីអង់គ្លេស ដាវីតកាំម៉ឹរូន ចង់អោយមានការកែទំរង់ផ្នែក ស្ថាប័នអឺរ៉ុបនិងមន្ត្រីរដ្ឋការឡើងវិញដោយចង់អោយមានការសន្សំសំចៃខ្ពស់។
ដូចជារាល់ដងដែរប្រទេសអាល្លឺម៉ង់តែងតែធ្វើខ្លួនជាអាជ្ញាកណ្តាលដើម្បីអោយ ភាគីទាំងពីរសំរុះសំរួលគ្នា។ប៉ុន្តែអាល្លឺម៉ង់ក៏មានបំណងចង់បន្ថយថវិកានៅអឺរ៉ុប ដែរ។ បើទោះជាមានការសំរបសំរួលគ្នាក៏ជំនួបប្រជុំសហភាពអឺរ៉ុបនេះមិនបានផ្តល់ ជាលទ្ធផលអ្វីជាផ្លូវការឡើយ។ប្រទេសទាំង២៧ត្រូវរង់ចាំការប្រជុំនៅឆ្នាំក្រោយ ដើម្បីធ្វើការសំរេចចិត្តលើផ្នែកថវិកា ម្តងទៀត៕ (RFI)