ជិះម៉ូតូតាមបាញ់បុរសរុស្សីដល់មុខផ្ទះជួល
ភ្នំពេញ៖ បុរសជនជាតិរុស្សីម្នាក់ត្រូវខ្មាន់កាំភ្លើងមានគ្នា៦នាក់ជិះម៉ូតូ ពីគ្រឿងតាមបាញ់ប្រហារដល់មុខផ្ទះជួលក្បែរសាលាសង្កាត់ទន្លេបាសាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈពេលជនរងគ្រោះដឹកមិត្តភក្ដិជនជាតិរុស្សីមកដល់ផ្ទះជួល។
អំពើបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី២៦ វិច្ឆិកា ២០១២នៅ ចំណុចក្បែរសាលាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបាន បើករថយន្តហាយលែនឌ័រមួយគ្រឿងឌុបមិត្តភក្ដិជាជនជាតិរុស្សី៣នាក់ ផ្សេងទៀតមកស្នាក់នៅក្នុងផ្ទះជួលក្បែររបងសាលាសង្កាត់ទន្លេបាសាក់។
លុះពេលទៅដល់បុរសរងគ្រោះបានចុះបើកទ្វាររថយន្តឲ្យមិត្តភក្ដិចុះ ខណៈនោះស្រាប់តែមានជនសង្ស័យ៦នាក់ជិះម៉ូតូពីគ្រឿងមកពីមុខ ពីក្រោយរួចធ្វើសកម្មភាពបាញ់ប្រហារសំដៅទៅលើជនរងគ្រោះមួយគ្រាប់ បណ្តាលឲ្យត្រូវកំភួនដៃធ្លាយទៅចង្កេះរងរបួសធ្ងន់ធ្ងរ។ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចបានជិះម៉ូតូគេចខ្លួនបាត់៕
ដោយ៖ ហេង នាង