បុរសម្នាក់បើករថយន្តបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាល២នាក់
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកកូរ៉ូឡា ជិះទៅបុកម៉ូតូម៉ាកវ៉េវ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ កាលពីវេលាម៉ោង ០០និង១០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទល់មុខខារ៉ាអូខេ ញ៉ូវស្តារ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកកូរ៉ូឡា ពណ៌ឪឡឹក ជិះដោយបុរសម្នាក់ បានធ្វើដំណើរយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង បំណងទៅចូលច្រៀងខារ៉ាអូខេ លុះពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបត់ឆ្វេងយ៉ាងលឿនក៏ ជ្រុលចង្កូតទៅបុកម៉ូតូវ៉េវ ពណ៌ក្រហមលាយខ្មៅ ជិះគ្នា៣នាក់ បណ្តាលឲ្យអ្នកឌុបរងរបួសធ្ងន់បោកក្បាលទៅនឹងថ្នល់ ហើយត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុ។
ជនរងគ្រោះទី១ ឈ្មោះឡាក់ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មៈ ទី២ ឈ្មោះ ចាន់ ធូ ភេទស្រី អាយុ២១ឆ្នាំ និងទី៣ឈ្មោះ លាង ពីឡុត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅជាមួយគ្នានិងអ្នកឌុប ចំណែកឯម្ចាស់រថយន្តដែលជាអ្នកបង្កហេតុបានបើករថយន្តរត់គេចខ្លួនបាត់ ប៉ុន្តែរថយន្តបានជ្រុះស្លាលេខនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុប៉ូលិសចរាចរបានចុះអន្តរាគមន៍ និងយកម៉ូតូរបស់ជនរងគ្រោះមករក្សាទុកនៅនឹងស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីស្វែងរកម្ចាស់រថយន្តខាងលើមកដោះស្រាយបញ្ហាតាមផ្លូវច្បាប់ ៕
ដោយ៖ ហេង នាង