កម្ពុជាបដិសេធនូវការប្រឌិតព័ត៌មាន ខុសពីការពិតរបស់ ASTV Manager Online
ភ្នំពេញ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសជាបន្ទាន់មួយ បដិសេធនូវការប្រឌិតព័ត៌មាន ខុសពីការពិតរបស់ ASTV Manager Online ដែលដាក់ចំណងជើងថា លោកសុមកៀត បកអាក្រាត “ថាក់ស៊ីន” ត្រៀមយកខ្មែរ៥ពាន់នាក់ឲ្យធ្វើចលាចល ក្នុងពេលប្រមូលផ្តុំនៅប្រទេសថៃ។
នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើការបំភ្លឺជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ថា ព្រះរាជាណាចក្រកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញរបស់ខ្លួនដូចមាត្រា៥៣ កថាខ័ណ្ឌ២.៣.និង៥ ដែលបានចែងថា ៖ ១-ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិភាពសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើពិភពលោក។ ២-ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាជាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសដទៃដោយផ្ទាល់ ឬ ដោយប្រយោល ទោះបីស្ថិតក្រោមរូបភាពណាក៏ដោយ គឺដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក និង៣-ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹករបស់ខ្លួនឡើង ហើយក៏មិនអនុញ្ញាតឲ្យយោធារបស់ខ្លួននៅលើទឹកដីបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ លោកសុមកៀត ផុងផៃប៊ូន សកម្មជនសម្ព័ន្ធមិត្រប្រជាជន ដើម្បីប្រជាធិបតេយ្យ បានថ្លែងតាមរយៈគេហទំព័រ ASTV ថា មានក្រុមខ្មែរសេរី៣ខ្សែ ដែលជាកម្លាំងរបស់កម្ពុជា (ក្លែងធ្វើជាពួកអាវក្រហម) ប្រមាណពី៤ ទៅ៥ពាន់នាក់ ទទួលថវិកាពីសម្តេច ហ៊ុន សែន ១០០លានបាត ដើម្បីទៅបង្កចលាចលនៅក្នុងការប្រមូលផ្តុំគ្នាក្នុងប្រទេសថៃ។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សូមតវ៉ា និងប្រឆាំងយ៉ាងដាច់អហង្កការ ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃ ដូចជា ASTV នេះ ជាដើម សូមបញ្ឈប់ជាបន្ទាន់នូវការអនុវត្តន៍នយោបាយខ្មៅក្រខ្វក់ ពិសពុល និងយុទ្ធវិធីទុច្ចរិត “ស្វាស៊ីបាយលាបមាត់ពពែ” ដែលការប្រឌិតព័ត៌មានភួតភរ កុហក គ្មានមូលដ្ឋានបែបនេះ មិនមែនជាលើកទី១ទេ គឺវាបានកើតឡើងជាច្រើនលើកច្រើនសារមកហើយ ដោយពួកក្រុមសម្ព័ន្ធមិត្រអាវលឿងថៃ បានបង្កើតឡើងក្នុងគោលបំណងបំពុលសាធារណមតិជាតិ និងអន្តរជាតិ ជាពិសេស បង្កនូវការយល់ច្រឡំរវាងប្រជាជនប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលកំពុងតែមានទំនាក់ទំនងកាន់តែល្អប្រសើរគួរជាទីមោទនៈ៕
ដោយ៖ ហេង នាង