បណ្តុះបណ្តាលសារព័ត៍មានស្តីពីការបង្ការ និងប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ
ដោយ មួង វណ្ណឌី
ដោយមានការឧបត្ថមពីអង្គការ Trociare របស់ប្រទេសអៀកឡង់ អង្គការព័ត៌មាន Cambodia News នាពេលថ្មីៗនេះបានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី «ការស្វែងរកការគាំទ្រលើការបង្ការការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារតាមរយៈបណ្តាញព័ត៌មានបែបចាស់ និងសារព័ត៌មានបែបថ្មី» នៅរាជធានីភ្នំពេញ។ វគ្គនេះមានគោលបំណងជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនក៏ដូចជាជួយទប់ស្កាត់អំពើហឹង្សានានាក្នុងគ្រួសារ។
ថ្លែងនៅក្នុងពិធីបើកវគ្គនោះ លោក ឆាយ សុផល នាយកប្រតិបត្តិអង្គការព័ត៌មាន Cambodia News បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានធ្វើឡើងរយៈពេលពីរថ្ងៃ គិតចាប់ពីថ្ងៃទី ១៦ដល់ ១៧ ខែ មករា ឆ្នាំ ២០១២ ដោយវគ្គនេះមានការចូលរួមពី បុគ្គលិកតំណាងឲ្យស្ថាប័នសាព័ត៌មានផេ្សងៗគ្នាមានទាំងវិទ្យុ កាសែត ទស្សនាវដី្ត និងគេហទំព័រ។
លោក សុផល បានបញ្ជាក់ថា វគ្គនេះក៏បានផ្តល់ឱកាសដល់ក្រុមនិសិ្សតមកពី ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ចំនួន ៧ នាក់់ ដើម្បីចូលរួមសិក្សា និងរៀនបន្ថែមពីការសរសេរព័ត៍មាន ក៏ដូចជាការផ្សព្វផ្សាយតាមរយៈប្រព័ន្ធអ៊ីធឺណែតផងដែរ។
កញ្ញា ឡេង ឡែន និសិត្សសារព័ត៍មានមា្នក់ដែលចូលរួមក្នុងវគ្គនេះបាននិយាយថា ការផ្តល់នូវវគ្គសិក្សានេះគឺពិតជាមានសារប្រយោជន៏ណាស់ មិនថាតែអ្នកកាសែតជំនាញនោះទេ តែថែមទាំងនិស្សិតកាសែតទៀតផង ដែលបានចូលរួមបំប៉ន់ផ្នែកសរសេរព័ត៍មាន ដើម្បីរៀនផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក និងចេះផ្សព្វផ្សាយព័ត៍មានដល់ប្រជាពលរដ្ឋទាំងជិត និង ដាច់ស្រយាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ។
កញ្ញា ឡែន បានបន្ថែមថា ការសរសេរលើអត្ថបទសី្តពីការបង្ការ និងប្រឆាំងអំពើហឹង្សាក្នុងគ្រួសារគឺពិតជាប្រធានបទមួយមានសារសំខាន់ណាស់សំរាប់មនុស្សរស់នៅក្នុងសង្គម ដើម្បីយល់ដឹងបន្ថែមអំពីការបង្ការ និង កាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ។
ទាក់ទិននឹងវគ្គនេះ លោក សុផល បានបញ្ជាក់ថា បន្ទាប់ពីវគ្គនេះទៅ សិក្ខាកាមជាអ្នកសារព័ត៌មានតម្រូវឲ្យសរសេរអត្ថបទព័ត៌មានចុះផ្សាយតាមស្ថាប័នសារព័ត៌មានផ្សេងៗ ខណៈដែលសិក្ខាកាមជានិសិត្សសារប័ត៌មានត្រូវផ្សព្វផ្សាយតាមគេហទំព័រសង្គមដូចជា ប្លុក និង ប្រព័ន្ធបណ្តាញសង្គម ដើម្បីចែករំលែកព័ត៌មានដល់សាធារណជនបានដឹង។
គូររំលឹកដែរថានេះជាលើកទីមួយហើយដែលសមាគមកាសែតកម្ពុជា បានបើកវគ្គសិក្សាបណ្តុះបណ្តាលដល់អ្នកកាសែតជំនាញ និង សិស្សនិសិត្សកាសែត ដើម្បីពង្រឹងជំនាញសរសេរព័ត៌មានក្រោមប្រធានបទការបង្ការ និង ប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ៕