ចំនួន​អ្នក​កើត​ជំងឺ​របេង​នៅ​កម្ពុជា​ស្ថិត​ក្នុង​អត្រា​មួយ​ខ្ពស់​នៅ​ឡើយ​​

ភ្នំពេញ៖ បច្ចុប្បន្នការកាត់បន្ថយ ជំងឺរបេង នៅក្នុងប្រទេសកម្ពុជា បានសម្រេច មុនគោលដៅ សហសវត្សន៍ ដែលបានកំណត់ទុក នៅឆ្នាំ២០១៥ ប៉ុន្តែទោះជាយ៉ាងណា ចំនួនអ្នកកើតជំងឺរបេង ក្នុងប្រទេសនេះ នៅតែស្ថិត ក្នុងអត្រាមួយខ្ពស់ នៅឡើយ បើប្រៀបធៀប នឹងប្រទេសផ្សេងៗ ។

នៅព្រឹក ថ្ងៃទី២៣ វិច្ឆកា ២០១២ លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន បានឱ្យដឹង ថា ប្រទេសកម្ពុជាយើង សម្រេចបានហើយ នូវគោលដៅ សហសវត្សន៍ ក្នុងការ កាត់បន្ថយ ជំងឺរបេង ដែលយើងសម្រេចបានលទ្ធផល ២សំខាន់ៗ គឺការកាត់បន្ថយអត្រា ប្រេវ៉ាឡង់នៃការកើត ជំងឺរបេង បានពាក់កណ្តាល និងកាត់បន្ថយ អត្រាស្លាប់ដោយជំងឺរបេង បានពាក់កណ្តាល ។

លោកបន្តថា «នៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១១ អត្រាប្រេវ៉ាឡង់ជំងឺរបេង សរុបទាំងអស់ យើងកាត់បន្ថយបាន៥៦ភាគរយ ។ ទិសដៅយើង គឺកាត់តែ៥០ភាគរយនៅឆ្នាំ២០១៥ សម្រាប់អត្រាស្លាប់ ដោយសារជំងឺរបេង យើងកាត់បន្ថយបាន៦០ភាគរយហើយដែរ» ។

លោកបន្ថែមថា “ទោះជាសម្រេចបានដូច្នេះក៏ដោយ ប៉ុន្តែអត្រាប្រេវ៉ាឡង់ ជំងឺរបេង នៅក្នុងប្រទេសកម្ពុជា នៅតែខ្ពស់នៅឡើយ។ គឺខ្ពស់ជាង បណ្តាប្រទេសផ្សេងៗ ។ គឺថា បច្ចុប្បន្នអត្រាប្រេវ៉ាឡង់ អ្នកកើតជំងឺរបេងសរុប (នៅកម្ពុជា) មានចំនួន៨១៧នាក់ លើប្រជាជន១០០ពាន់នាក់ គឺចាត់ទុកថា ខ្ពស់ជាងបណ្តាប្រទេសផ្សេងៗ” ។

លោកថា នៅរយៈពេល៩ខែ ដំបូង ក្នុងឆ្នាំ២០១២នេះ អត្រាប្រេវ៉ាឡង់ នៃអ្នកកើតជំងឺរបេង នៅក្នុង ប្រទេសកម្ពុជា មានចំនួន ៣ម៉ឺននាក់ គឺប្រហាក់ប្រហែល នឹង៩ខែដំបូង កាលពីឆ្នាំ២០១១ដែរ ប៉ុន្តែចំនួនអ្នកស្លាប់ ដោយសារជំងឺរបេង មានតែ២០០ ទៅ៣០០នាក់ប៉ុណ្ណោះ ដែលចំនួនអ្នកស្លាប់ បានថយចុះច្រើន៕

ដោយ៖ ហេង នាង

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន
(រូប dap)។

Related Articles

Back to top button
Close
Close