បញ្ហាអំពើហឹង្សាផ្នែកសេដ្ឋកិច្ចមិនបានលើកឡើងក្នុងរបាយការណ៍
ដោយ កើត ចន្ទ្រា
មន្រ្តីជំនាញការងារយេនឌ័ន និងការប្រឆាំងអំពើហិង្សាក្នុងគ្រួសារបាននិយាយថា បច្ចុប្បន្នពុំសូវមានរបាយការណ៍បញ្ជាក់ពីស្ថានភាព អំពើហឹង្សាផ្នែកសេដ្ឋកិច្ចនៅក្នុងគ្រយសារនៅឡើយទេ។
នៅក្នុងបទបង្ហាញរបស់លោកស្រីនៅក្នុងវគ្គបណ្តុះបណ្តាលមួយស្តីអំពី “ការស្វែងរកការគាំទ្រលើការបង្ការអំពើហឹង្សាក្នុងគ្រួសារតាមរយៈបណ្តាញសារពត៌មានបែបចាស់ និងសារព័ត៌មានបែបថ្មី” កាលពីពេលថ្មីៗនេះ លោកស្រី រស់ សុភាព នាយិកាប្រត្តិបត្តិអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានលើកឡើងពីស្ថានភាពបច្ចុប្បន្នរបស់ស្រ្តីនៅកម្ពុជា ដោយលោកស្រីបានសំអាងលើរបាយការណ៍ មួយចំនួនរបស់ក្រសួងកិច្ចការនារី អង្គការអាដហុក ECPAT អង្គការ GIZ និងអង្គការ ICRW គឺមិនមានរបាយការណ៍ណាមួយបានបង្ហាញនូវស្ថានភាពអំពើហឹង្សាផ្នែកសេដ្ឋកិច្ចច្រើននោះឡើយ។
លោកស្រីបន្តថា អំពើហិង្សាក្នុងគ្រួសារ បែងចែកជាបួនគឺអំពើហឹង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច។
លោក អ៊ូ រតនៈ ប្រធានសមាគមអភិវឌ្ឍន៍សុខភាពប្រជាជនបានពន្យល់ថា អំពើហិង្សាផ្នែកសេដ្ឋកិច្ច គឺផ្តោតទៅលើសេដ្ឋកិច្ច ឬចំណាយចំណូលសេដ្ឋកិច្ច ដូចជាការកម្រិតនូវការចាយវាយ ការបង្ឃាំងមិនឲ្យរកប្រាក់ចំណូល និងការប្រើប្រាស់ប្រាក់ចំណូលដោយមិនឲ្យប្តីឬប្រពន្ធដឹង។
លោកបានបន្ថែមថា របាយការណ៍របស់អង្គការ ឬស្ថាប័ន ភាគច្រើនមិនសូវបង្ហាញពីស្ថានភាពអំពើហឹង្សាផ្នែកសេដ្ឋកិច្ច ដោយហេតុថាកាលពីមុនអំពើហឹង្សាផ្នែកសេដ្ឋកិច្ចត្រូវបានគេចាត់ចូលក្នុងអំពើហឹង្សាផ្លូវចិត្ត តែក្រោយមកដោយមានការយល់ដឹង ទើបគេបែងចែកឲ្យមានអំពើហឹង្សា ផ្នែកសេដ្ឋកិច្ចផ្សេងពីអំពើ ហឹង្សាផ្លូវចិត្ត។ ដូចនេះបានជាយើងមិនសូវឃើញមានរបាយការណ៍ពីអំពើហឹង្សាផ្នែកសេដ្ឋកិច្ច នេះបើតាមការអះអាងរបស់លោក អ៊ូរតតៈ៕