យុវជន​ជា​សិស្ស​សា​លា​២​នាក់​ត្រូ​វ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ ក្រោយ​ពេល​ឆក់​ទូរស័ព្ទ​​ស្រ្តី​ជន​ជាតិ​ចិន​

ភ្នំពេញ៖ កាលពីវេលា ម៉ោង៣ និង៤០ នាទី រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅមុខព្រះអង្គដង្កើ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនពីរនាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទ iPhone របស់ស្ត្រីជនជាតិចិត្តម្នាក់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន (រូប dap) ៕

មន្រ្តីនគរបាល បានឱ្យដឹងថា ជនសង្ស័យ  ដែលកម្លាំងនគរបាលល្បាត ប៉ុស្តិ៍ជ័យជំនះ ប្រដេញ ចាប់បាននេះ មានទី១ ឈ្មោះ គល់ ហង្ស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១២A ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ ឯជនសង្ស័យម្នាក់ទៀតឈ្មោះ ចាន់ រតនា អាយុ១៨ ឆ្នាំ ជាសិស្សសាលា ស្នាក់នៅផ្ទះលេខ៤៩០R ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ជាអ្នកធ្វើសកម្មភាពឆក់)។

ពួកគេទាំង២នាក់ បានធ្វើសកម្មភាពឆក់យក ទូរស័ព្ទ iPhone ពីស្រ្តីរងគ្រោះ ជនជាតិចិនម្នាក់ លី អាយជីង អាយុ៤៦ ឆ្នាំ ជាអ្នកទេសចរ ដែលបានមកស្នាក់នៅ សណ្ឋាគារ ហ្កោស៊ីណា សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ខណៈដែលស្ត្រីរងគ្រោះ ដកយកទូរស័ព្ទ ថតទិដ្ឋភាព នៅខាងមុខ ព្រះអង្គដង្កើ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងប្រមាណ១ រសៀលថ្ងៃទី២២ នារីជនជាតិចិន រួមជាមួយមិត្តភ័ក្រ ៣ នាក់ ក្នុងនោះ មានប្រុសម្នាក់ បានជិះម៉ូតូកង់បី ដើរលេង មាត់ទន្លេ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ លុះមកដល់ចំណុច មុខព្រះអង្គដង្កើ និងមុខព្រះបរមរាជវាំង នារីជនជាតិចិន បានកាន់ទូរស័ព្ទដៃម៉ាក Iphone ថតរូប ពេលនោះជនសង្ស័យ ទាំងពីនាក់ បានជិះម៉ូតូ មកតាមពីក្រោយ ម៉ូតូកង់បី អ្នកជិះពីក្រោយ ក៏ធ្វើសកម្មភាព ឆក់យកតែទូរស័ព្ទ។

ប្រភពខាងលើ បន្តទៀតថា បន្ទាប់ពីឆក់រួច ជនសង្ស័យទាំងពីរនាក់ បានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែដោយឮសម្លេងស្រែកឆោឡោ របស់ក្រុមជនរងគ្រោះ កម្លំាងនគរបាលល្បាតប៉ុស្តិ៍ជ័យជំនះ ក៏ដេញតាម រួចចាប់បាន ជនសង្ស័យទាំងពីរ នាក់នេះភ្លាមៗ តែម្តង និងនាំយកទៅកន្លែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close