បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវអត់មានភ្លើងបំភ្លឺត្រូវរថយន្តកូរ៉ូឡាបុកបាក់កជើងខាងស្តាំរងរបួសធ្ងន់
ភ្នំពេញ ៖ នៅវេលាម៉ោង១២ និង៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ វិច្ឆិកា តាមផ្លូវលេខ២១៧កែង១៣៩ ក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា បុរសម្នាក់ជិះម៉ូតូ MD ពណ៌ក្រហម អត់មានភ្លើងបំភ្លឺផ្លូវ ខណៈកំពុងជិះឆ្លងផ្លូវ ស្រាប់តែរថយន្តកូរ៉ូឡា ពណ៌ស្ករ បើកលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបាក់កជើងខាងស្តាំ ហើយរថយន្តបង្កបន្ថែមល្បឿនរត់គេចបាត់ ។
ជនរងគ្រោះមានឈ្មោះ ធី ភេទប្រុស អាយុ២៨ ឆ្នាំ ជិះម៉ូតូ MD ពណ៌ក្រហម អត់មានភ្លើងបំភ្លឺផ្លូវ តាមផ្លូវលេខ១៣៩ ក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ស្ករ បើកតាមផ្លូវលេខ២១៧ ពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវកែង ម៉ូតូបត់ឆ្វេង ស្រាប់តែ រថយន្តបើកបោះពួយលឿនស្លេវ ជ្រុលទៅបុកអ្នកបើកម៉ូតូបាក់កជើងខាងស្តាំ ហើយរថយន្តបង្កបន្ថែមល្បឿន រត់គេចបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ចំណែកម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅខណ្ឌ៧មករា ៕
ដោយ៖ ហេង នាង