ឆ្នាំនេះមិនមានការរៀបចំពិធីរំលឹកសោកនាដកម្មស្ពានពេជ្រ
ភ្នំពេញ៖ មន្ត្រីសាលាក្រុងភ្នំពេញបានឲ្យដឹងថាឆ្នាំនេះរាជរដ្ឋា ភិបាល និងអាជ្ញាធររាជធានីភ្នំពេញ មិនបានប្រារព្ធពិធីរំលឹក ឫកាន់ទុក្ខណាមួយ សម្រាប់សោកនាដកម្មលើស្ពានពេជ្រ នៅថ្ងៃទី២២ ខែវិច្ឆិកានេះទេ ដោយហេតុផលថា កម្ពុជា រវល់រៀបចំព្រឹត្តិការណ៍ធំៗមួយចំនួន។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ មានប្រសាសន៍ថា ឆ្នាំនេះអត់មានការណែនាំពីរាជរដ្ឋាភិបាល ឲ្យមានការរៀបចំពិធីរំលឹកនោះទេ ដោយសារយើងជាប់រវល់រឿងកិច្ចការរៀប ចំសណ្ដាប់ធ្នាប់ពេលប្រជុំ កំពូលអាស៊ាន។
ប៉ុន្តែនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មានសាច់ញាតិជនរងគ្រោះមួយចំនួន បានមកអុជធូបនៅស្តូបជនរងគ្រោះ។
លោក តាំង វេងគី ដែលកូនប្រុសរបស់គាត់អាយុ១៦ឆ្នាំ បានស្លាប់ក្នុងសោកនាដកម្មនោះ មានប្រសាសន៍ថា នៅថ្ងៃនេះ លោកមិនបានធ្វើពិធីបុណ្យអ្វីនោះទេ ដោយគ្រាន់តែអុជធូបបន់ស្រន់តែប៉ុណ្ណោះ។ ចំណែកអ្នកដទៃទៀត ដែលមកចូលរួមអុជធូបនៅចំណុចស្ពានពេជ្យសុទ្ធតែបានបង្ហាញនូវទឹកមុខស្រងូតស្រងាត់ ចំពោះសោកនាដកម្មខណៈដែលបងប្អូនកូនចៅឬសាច់ញ្ញាតិបានបាត់បង់ជីវិតយ៉ាង អាណោចអាធម្មនៅទីនោះ ។
គួបញ្ជាក់ថាកាលពីថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១១ អាជ្ញាធរក្រុងភ្នំពេញបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នក ស្លាប់នៅទីនោះ ដែលមានប្រជាពលរដ្ឋជាច្រើន បានចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅលើស្ពានពេជ្រ។ តែនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំនេះ មិនឃើញមានអាជ្ញាធររៀបចំពិធីនេះ ដោយមានតែប្រជាពលរដ្ឋខ្មែរតិចតួចបំផុតបានមកអុជធូបនៅស្តូប ដែលសាងសង់សម្រាប់គោរពវិញ្ញាណក្ខន្ធនៅគល់ស្ពានក្បែរណាហ្គាវើល។
ប្រជាជន ៣៥៣នាក់ បានស្លាប់ និង៣៩៣នាក់រងរបួស ដោយសារការរត់ជាន់គ្នានៅលើស្ពានពេជ្រ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅឧបទ្ទវហេតុនោះ ជាសោកនាដកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ចាប់តាំងពីរបបកម្ពុជាប្រជាធិបតេយ្យ៕
ដោយ៖ ភារុណ