ការអនុវត្តច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រូសារមិនទាន់រឹងមាំ
ដោយ កញ្ញា ផល សុវណ្ណវត្តី
ភ្នំពេញ៖ មន្ត្រីអ្នកច្បាប់ប្រចាំអង្គការអាដហុកកាលពីពេលថ្មីៗនេះបានថ្លែងប្រាប់ក្រុមអ្នកកាសែតនិងក្រុមនិសិត្សសារព័ត៌មានថា ទាំងអស់១៥នាក់ អំពីការអនុវត្តច្បាប់អំពើហិង្សាក្នុងគ្រួសារថា ការអនុវត្តន៍ច្បាប់ទាក់ទិននឹងអំពើហិង្សាក្នុងគ្រួសារមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។
ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងរកការគាំទ្រលើការបង្រ្កាបអំពើហិង្សាក្នុងគ្រួសារតាមរយៈសារព័ត៍មានបែបចាស់និងបែបថ្មី» នាព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១១២ កន្លងមកក្នុងរាជធានីភ្នំពេញ លោកស្រី គា សុផល មេធាវីមកពីអង្គការអាដហុក បានមានប្រសាសន៍ថា ការអនុវត្តច្បាប់ស្តីអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនៅពុំទាន់បានល្អនៅឡើយ»។
លោកស្រីបានបញ្ជាក់ថា ភាពខ្វះចន្លោះនៃការអនុវត្តន៍ច្បាប់នេះគឺបណ្តាលមកពីមានមន្ត្រីភូមិឃុំមួយចំនួនតូចដែលជាអ្នកអនុវត្តន៍ច្បាប់នេះ តែងគិតថាការមិនចុះសំរុងនៃសមាជិកគ្រួសារ ឬការឈ្លោះទាស់ទែងគ្នានៅក្នុងគ្រួសារណាមួយនោះ វាគឺជារឿងផ្ទៃក្នុងរបស់គ្រួសារគេ។
លោកស្រីបន្តថា ចំណុចមួយទៀតគឺបណ្តាលមកពីប្រជាពលរដ្ឋខ្លួនឯងផ្ទាល់មិនបានដឹងឬមិនបានយល់ច្បាស់អំពីច្បាប់នេះ ហើយមិនបានដឹងថាការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាអំពើខុសច្បាប់ ខណៈដែលការផ្សព្វផ្សាយពីច្បាប់នេះមិនទាន់ទូលំទូលាយ។
លោកស្រីបានប្រៀបធៀបរបាយការណ៍ប្រចាំឆ្នាំ២០១១របស់ក្រសួងកិច្ចការនារីទៅនឹងរបាយការណ៍ប្រចាំឆ្នាំ២០១១ របស់អង្គការក្រៅរដ្ឋាភិបាលនានា ស្តីពីការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ដោយលោកស្រីអះអាងថា របាយការណ៍របស់ក្រសួងកិច្ចការបានបង្ហាញពីការថយចុះច្រើននៃការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារក្នុងឆ្នាំខណៈដែលរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនានាបង្ហាញថានៅតែជាការព្រួយបារម្ភ។
លោកស្រី គា សុផល បញ្ជាក់ថា របាយការណ៍ខុសគ្នាបែបនេះ ទំនងជាដោយសាតែមានការប្រលងប្រណាំងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលអាចនាំឲ្យអាជ្ញាធរភូមិឃុំនីមួយៗផ្តល់របាយការណ៍មិនពិតខ្លះពីចំនូនច្រើនឲ្យមកនូវចំនួនតិច ដោយសារមិនចង់បង្ហាញពីភាពកំសោយរបស់ខ្លួន និងខ្លាចថ្នាក់លើបន្ទោស។
បច្ចុប្បន្ន ក្រសួងកិច្ចការនារី និងបណ្តារអង្គការជាច្រើន ព្រមទាំងបណ្តាញសារព័ត៌មានបែបចាស់និងបែបថ្មី បាននឹងកំពុងខិតខំធ្វើការផ្សព្វផ្សាយពីការទប់ស្កាត់ការប្រើអំពើហិង្សាក្នុងគ្រួសារ និងផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ។
ប្រទេសកម្ពុជាមានច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដែលច្បាប់បានចូលជាធរមានកាលពីឆ្នាំ២០០៥ ។