បើកបរមិនយោគយល់គ្នានៅចំណុចផ្លូវកែងបុកគ្នាធ្វើឲ្យរថយន្តខូចខាតទាំងសងខាង
ភ្នំពេញ ៖ រថយន្តពីរគ្រឿង បើកបរមិនយោគយល់គ្នា បណ្តាលឲ្យបុកគ្នា ខូចខាតរថយន្តទាំងពីរគ្រឿង តែរថយន្តដែលខូចតិច ជួយចេញសងរថយន្តខូចខាតច្រើនជាងពាក់កណ្តាល ។ គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង១ និង២០ នាទីរសៀល ថ្ងៃទី២០ វិច្ឆិកា នៅខាងកើតផ្សារ ទួលទំពូង លើផ្លូវលេខ១៥៥ កែង៤៥៤ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តអេស្កាឡែត ពណ៌ស ជិះគ្នា៣ នាក់ ប្រុស ២នាក់ ស្រីម្នាក់ បើកតាមផ្លូវលេខ៤៥០ ពីលិចទៅកើត។ ចំណែករថយន្តកាមរី ពណ៌ស្លែ ជិះគ្នា២នាក់ តាមផ្លូវ លេខ១៥៥ ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តចតត្រៀបត្រាលើចិញ្ចើមផ្លូវធ្វើឲ្យផ្លូវតូចចង្អៀតស្ទះចរាចរណ៍ រថយន្តអេស្កាឡែត ក៏បត់ឆ្វេងទៅប៉ះជាមួយរថយន្តកាមរីធ្លាក់កាងមុខ ចំណែករថយន្តអេស្កាឡែត ក្រពិតចំហៀងខាងស្តាំបន្តិច ។
ក្រោយពេលកើតហេតុភាគីទាំងពីរ បានចរចាគ្នានៅកន្លែងកើតហេតុ ហើយម្ចាស់រថយន្តកាមរី បានហៅជាងជួសជុលរថយន្ត មកធ្វើការវាយតម្លៃការខូចខាតត្រូវជួសជុលអស់ ២៥០ដុល្លារ រថយន្តអេស្កាឡែតខូចខាតតិចជាង ក៏ជួយចេញសងថ្លៃខូចខាតរថយន្ត កាមរីពាក់កណ្តាល គឺសងចំនួន ១២៥ដុល្លារ បញ្ចប់រឿង៕
ដោយ៖ ហេង នាង