ក្នុងពេលជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អូបាម៉ា មិនបានលើកពីបញ្ហា លោក សម រង្ស៊ីទេ
ភ្នំពេញ: នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅឯមណ្ឌលព័ត៌មាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្នុងពេលជួបជាមួយសម្តេច ហ៊ុន សែន គឺលោក អូបាម៉ា មិនបានលើកពីបញ្ហា លោក សម រង្ស៊ី ទេ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងថា នៅក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី លោក អូបាម៉ា មិនបានលើកពីលោក សម រង្ស៊ី ទេ តែបានលើកពីករណី លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ។ តែសម្តេចបានជំរាបលោក អូបាម៉ា រួចហើយថា លោក ម៉ម សូណង់ដូ មិនមែនជាប់ក្នុងនាមអ្នកសារព័ត៌មានទេ។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា «តុលាការ បានចោទប្រកាន់គាត់ ថា បានជំរុញឲ្យមានអំពើអបគមន៍។ ដូច្នេះបញ្ហាសំរាប់អ្នកទាមទារ គឺត្រូវរកមេធាវី ឲ្យបានល្អ ដើម្បីជួយគាត់ ជាជាងគ្រាន់តែនិយាយនឹងមាត់។ ពីព្រោះ ពេលនេះ គេកំពុងនិយាយថា លោក ម៉ម សូណង់ដូ ជាប់ទោសនយោបាយ។ ប៉ុន្តែអ្នកទាំងអស់ហ្នឹង កំពុងធ្វើនយោបាយនីយកម្មលើបញ្ហាព្រហ្មទណ្ឌទៅវិញ»។
លោក ខៀវ កាញារីទ្ធ បានអះអាងថា នយោបាយសហរដ្ឋអាមេរិក គឺត្រូវកំណត់ដោយសំពាធនយោបាយផ្ទៃក្នុង។ ដូច្នេះជាធម្មតា ដែលលោក អូបាម៉ា ត្រូវតែលើកឡើង ហើយយើងបានជជែកគ្នា បានស្វែងយល់ពីគ្នាទៅវិញទៅមក ពីព្រោះលោក អូបាម៉ា គាត់មកនេះ ក្នុងនាមជាមិត្ត មិនមែនជាអ្នកប្រដៅសាសនាទេ។ ដូច្នេះនេះជាចំណុចចាប់ផ្តើមទំនាក់ទំនងគ្នាមួយដ៏ល្អទៅមុខទៀត៕
ដោយ៖ ហេង នាង