ពលរដ្ឋពីរនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធរឿងដណ្តើមអាវុធពីសមត្ថកិច្ច
នៅថ្ងៃ ៣១ មករា ២០១២ ប្រជាពលរដ្ឋនៅជុំវិញតំបន់បឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង បានលើកគ្នាជិះគោយន្តដង្ហែមកកាន់សាលាខេត្ត ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ខ្លួនពីរនាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីប្រគល់អាវុធបីដើមដែលពួកគាត់បានដណ្ដើមពីសមត្ថកិច្ច។
លោក នូវ សារ៉ាយ ដែលជាតំណាងប្រជាពលរដ្ឋបាននិយាយថា ប្រជាពលរដ្ឋមិនសុខចិត្តនោះទេ គឺពួកគាត់ចង់ឲ្យតុលាការចាប់ខ្លួនពួកគាត់ទាំង ៣០០នាក់ ព្រោះពួកគាត់ជាអ្នកចូលរួមដណ្តើមកាំភ្លើងពីសមត្ថកិច្ចទាំងអស់គ្នា។
ចំពោះបញ្ហានេះលោក ជេត វណ្ណី ស្នងការរងនគបាលខេត្តបាត់ដំបង ដែលជាអ្នកដឹកនាំកម្លាំងទៅចាប់តំណាងប្រជាជនខាងលើបាននិយាយថា គឺលោកអនុវត្តន៍ទៅតាមដីការរបស់តុលាការតែប៉ុណ្ណោះ ព្រោះកម្លាំងលោកជាអ្នកអនុវត្តន៍ច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃ ១៣ មករា អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅជុំវិញតំបន់បឹងប្រាំបានព្រមព្រាងប្រគល់ និងទទួលអាវុធបីដើម ដែលប្រជាជនដណ្តើមពីសមត្ថកិច្ច កាលពីដើមខែធ្នូ ២០១១៕