ជីវប្រវត្តិ និងការតស៊ូក្នុងឆាក នយោបាយ របស់លោក បារ៉ាក់ អូបាម៉ា
លោក បារ៉ាក់ អូបាម៉ា (Barack Obama) គឺជាប្រធានាធិបតីសហរដ្ឋអាមេរិក ស្បែកខ្មៅលើកដំបូងបំផុតក្នុងប្រវត្តិ សាស្ត្រសហរដ្ឋអាមេរិក។
លោកទើបបានជាប់ឆ្នោតជាប្រធានា ធិបតីមួយអាណត្តិទៀតក្នុងការបោះ ឆ្នោតកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយបានឈ្នះលើគូប្រជែង បេក្ខជន ប្រធានាធិបតីលោក មីត រ៉មនី (Mitt Romney) ពីខាងគណបក្សសាធា រណរដ្ឋ។
ប្រធានាធិបតីសហរដ្ឋអាមេរិក បច្ចុប្បន្ន មានឈ្មោះកំណើត បារ៉ាក់ ហូសេន អូបាម៉ា (Barack Hussein Obama) កើតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៦១ ក្នុងរដ្ឋហាវ៉ៃ (Hawaii) ដែលមានម្តាយជាជនជាតិស្បែកស និងឪពុកជាជនជាតិអាហ្វ្រិក មកពីប្រទេសកេនយ៉ា (Kenya)។ បិតាឈ្មោះ បារ៉ាក់ អូបាម៉ា ស៊ីន័រ (Barack Obama Senior) និងមាតាឈ្មោះ អាន ដាន់ហាម (Ann Dunham) ហើយអ្នកទាំងពីរបានទទួលអនិច្ចកម្មមុនពេលលោក បារ៉ាក់ អូបាម៉ា បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី៤៤ កាលពីបោះឆ្នោតនៅឆ្នាំ២០០៨ កន្លងមក។
នេះជាប្រវត្តិសាស្ត្រដ៏ធំធេងមួយនៅសហរដ្ឋអាមេរិក ដែលមានប្រធានាធិបតីលើក ដំបូងបំផុតជា កូនកាត់អាហ្វ្រិកស្បែកខ្មៅ។
ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក លើកនេះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពីខាងគណបក្សប្រជាធិបតេយ្យ បានទទួលសន្លឹកឆ្នោត គាំទ្រលើស លប់ពីពលរដ្ឋអាមេរិកាំងចម្រុះ មកពីគ្រប់ជាតិសាសន៍ រួមមានជនជាតិស្បែកខ្មៅបោះឆ្នោតឲ្យមាន ៩៣% ជនជាតិដែលនិយាយភាសាអេស្ប៉ាញ មាន៧២% ជនជាតិអាស៊ីភាគច្រើន និងក្រុមដែល មានវ័យក្មេងអាយុក្រោម ៣០ឆ្នាំ ជាដើម។
ពួកគេបានឲ្យហេតុផលថា លោក បារ៉ាក់ អូបាម៉ា ជាមនុស្សសាមញ្ញ មានអត្តចរិតទន់ភ្លន់ ចេះដឹង ទុក្ខធុរៈអ្នកទន់ខ្សោយ និងមានទេពកោសល្យក្នុងការនិយាយស្តី ដែលចេះធ្វើឲ្យពលរដ្ឋភាគ ច្រើន ស្រឡាញ់ និងពេញចិត្តលោក។ ចំពោះគោលនយោបាយក្រៅប្រទេសវិញ គណបក្សរបស់ លោក មានវិធីដោះស្រាយទំនាស់នានាដោយសន្តិវិធី ជាជាងការធ្វើសង្គ្រាម។ បន្ថែមពីនេះ ក្នុងរឿងកិច្ច ការប្រទេសជាតិវិញ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានយកចិត្តទុកដាក់ច្រើន លើការអភិវឌ្ឍ សង្គម ដូចជាលើកស្ទួយវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច ជាដើម តាំងពីលោកបាន ជាប់ ឆ្នោត អាណត្តិទី១ កាលពីឆ្នាំ២០០៨ មក។
ពលរដ្ឋខ្មែរអាមេរិកាំង មួយរូបឈ្មោះលោក តាន់ វិបុល ដែលបានបោះឆ្នោតគាំទ្រ លោកប្រធានា ធិបតី បារ៉ាក់ អូបាម៉ា ពីរអាណត្តិរួចមកហើយ បានថ្លែងថា លោកពេញចិត្តគោលនយោបាយ ដឹកនាំនៃគណបក្សប្រជាធិបតេយ្យ ដែលយកចិត្តទុកដាក់ខ្លាំងលើស្ថានភាពរស់នៅរបស់ ពលរដ្ឋ ក្រីក្រ និងមធ្យម៖ «ខ្ញុំរស់នៅស្រុកអាមេរិក នេះ ៣ទសវត្សរ៍ហើយ ហើយខ្ញុំឃើញថា ចំពោះ ខ្ញុំផ្ទាល់ខ្ញុំពេញចិត្តនយោបាយរបស់គាត់។ គាត់មានការទាក់ទង ស្និទ្ធស្នាល ជាមួយពលរដ្ឋ នៅ ថ្នាក់ក្រោម។ គាត់មិនគិតតែពីពួកអ្នកមានៗ។ ទោះបីយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក នេះ គេគិតគូរពីប្រទេសជាតិរបស់គេ ហើយខ្ញុំជាជនជាតិខ្មែរអាមេរិកាំង ដូច្នេះ ខ្ញុំមានមោទនភាព។ ជម្រាបផងដែរ ខ្ញុំបោះឆ្នោតជូនគាត់»។
ប៉ុន្តែ អ្នកស្រី នូវ សារឹម ពលរដ្ឋខ្មែរអាមេរិកាំង ម្នាក់ទៀត ដែលគាំទ្រគណបក្សសាធារណរដ្ឋ បានឲ្យហេតុផលថា អ្នកស្រីមិនគាំទ្រគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យទេ ពីព្រោះការដឹកនាំរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងអំឡុងពេល ៤ឆ្នាំកន្លងមក បានចាយវាយថវិកាជាតិលើសចំណុះ ដែលបណ្ដាលឲ្យជំពាក់បំណុលគេកាន់តែច្រើនឡើងៗ។ អ្នកស្រីបន្តថា អត្រាអ្នកអត់ការងារធ្វើក៏នៅមានកម្រិតខ្ពស់ ប្រមាណជិត ៩% នៃចំនួនពលរដ្ឋសរុបជាង ៣០០លាននាក់៖ «ខ្ញុំគិតថា នេះអ្នកខ្លះគេយល់ថា ឥឡូវនេះយើងឃើញថា ប្រធានាធិបតី អូបាម៉ា ពេលគាត់ឡើងកាន់អំណាចនេះ ដូចថាជំពាក់បំណុលកាន់តែច្រើន បំណុលកាន់តែធំ ប៉ុន្តែមិនដឹងថា តើរបៀបគាត់ដោះស្រាយ ដើម្បីបង្រួញបំណុលនេះយ៉ាងម៉េចទេ យើងចាំមើលតទៅទៀត។ អ្នកខ្លះគិតថា គាត់ទើបតែបាន ៤ឆ្នាំ ធ្វើមិនទាន់ ប៉ុន្តែបំណុលកាន់តែកើន ឥឡូវគាត់ គេបោះឲ្យ ៤ឆ្នាំទៀត។ ខ្ញុំដូចជាមិនសូវមានសុទិដ្ឋិនិយមទេ»។
ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានរៀបការជាមួយលោកជំទាវទី១ (First Lady) ម៉ីស្សែល អូបាម៉ា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៩២ ហើយមានកូនស្រី ២នាក់ ឈ្មោះ ម៉ាលីយា (Malia) អាយុ ១៤ឆ្នាំ និងកូនស្រីពៅ ឈ្មោះ សាហ្សា (Sasha) អាយុ ១១ឆ្នាំ។
មុនចូលរួមប្រឡូកក្នុងឆាកនយោបាយ នៅឆ្នាំ១៩៩៦ លោក បារ៉ាក់ អូបាម៉ា បានធ្វើជាមេធាវីការពារសិទ្ធិមនុស្ស និងឆ្លៀតពេលបង្រៀនក្រៅម៉ោងអំពីមាត្រាច្បាប់នៃរដ្ឋធម្មនុញ្ញ នៅសាកលវិទ្យាល័យឈីកាហ្គូ (Chicago) ក្នុងរដ្ឋអ៊ីលីណយ (Illinois) ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៤។ លោកក៏បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានៅប្រចាំរដ្ឋនោះ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៤ ផងដែរ។ លោកបានបញ្ចប់ថ្នាក់វិទ្យាសាស្ត្រនយោបាយ និងច្បាប់ នៅសាកលវិទ្យាល័យហាវ៉ាដ (Harvard University)។
លោក បារ៉ាក់ អូបាម៉ា កាលពីយុវវ័យ មានជីវប្រវត្តិតស៊ូមោះមុត និងប្រឹងប្រែងរៀនសូត្រ ក្រោមការជួយទំនុកបម្រុង និងចិញ្ចឹមបីបាច់ថែរក្សាពីជីដូនជីតាខាងម្តាយនៅក្នុងរដ្ឋ ហាវ៉ៃ។ ឪពុកម្តាយរបស់លោក បានលែងលះគ្នានៅពេលដែលលោកមានអាយុបាន ២ឆ្នាំ។ មាតា និងបិតាលោក បានជួបស្រឡាញ់គ្នាជាលើកដំបូងនៅសាកលវិទ្យាល័យហាវ៉ៃ ក្រោយដែលឪពុកបានទទួលអាហារូបករណ៍មកបន្តការសិក្សានៅសហរដ្ឋអាមេរិក ពីប្រទេសកេនយ៉ា។
កុមារ បារ៉ាក់ អូបាម៉ា មិនដែលស្គាល់មុខ និងទាក់ទងជាមួយបិតាបង្កើតឡើយ បន្ទាប់ពីឪពុកបានវិលត្រឡប់ទៅប្រទេសកេនយ៉ា វិញ នៅឆ្នាំ១៩៦៥។ នៅឆ្នាំ១៩៦៥ ដដែលនោះ ម្តាយរបស់កុមារ អូបាម៉ា ក៏បានរៀបការជាមួយបុរសផ្សេងទៀត ដែលជាជនជាតិឥណ្ឌូនេស៊ី។ មួយឆ្នាំក្រោយមក ម្តាយ និងឪពុកចុង ព្រមទាំងកុមារ អូបាម៉ា និងប្អូនស្រីចុង ដែលទើបកើត បានទៅរស់នៅក្រុងហ្សាកាតា (Jakarta) នៃប្រទេសឥណ្ឌូនេស៊ី។
ដោយមានការព្រួយបារម្ភពីសុវត្ថិភាព និងអនាគតរបស់កូនប្រុស ម្តាយក៏បានបញ្ជូនកុមារ អូបាម៉ា ដែលពេលនោះមានអាយុបាន ១០ឆ្នាំ ឲ្យមករស់នៅជាមួយជីដូនជីតាខាងម្តាយ នៅរដ្ឋហាវ៉ៃ។ នៅពេលនោះហើយ ដែលកុមារ បារ៉ាក់ អូបាម៉ា បានជួបជាមួយឪពុកបង្កើតលើកដំបូងបំផុត និងតែម្តងនោះគត់ ក្រោយពីឪពុកបានមកលេងសួរសុខទុក្ខកូន នៅរដ្ឋហាវ៉ៃ នៅឆ្នាំ១៩៧១។
១០ឆ្នាំក្រោយមក ឪពុករបស់លោក អូបាម៉ា បានទទួលអនិច្ចកម្ម ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ១៩៨២ នៅប្រទេសកេនយ៉ា។ ចំណែកម្តាយវិញ ក៏បានទទួលមរណភាពដោយសារជំងឺមហារីកស្បូន នៅឆ្នាំ១៩៩៥ នៅក្នុងរដ្ឋហាវ៉ៃ។
លោក បារ៉ាក់ អូបាម៉ា បានទទួលជ័យលាភីសន្តិភាពណូបែល (Nobel Peace Prize) ពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងរបស់លោកក្នុងការពង្រឹងទំនាក់ទំនង ការទូតអន្តរជាតិ និងសហប្រតិបត្តិការជាមួយពលរដ្ឋដែលមានជាតិសាសន៍ខុសៗគ្នា ក្នុងពិភពលោក គឺ ៩ខែក្រោយពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីអាណត្តិមុន។
លោកប្រធានាធិបតី អូបាម៉ា មានគម្រោងមកទស្សនកិច្ចប្រទេសមួយចំនួន នៅតំបន់អាស៊ី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ទី២០ វិច្ឆិកា ឆ្នាំ២០១២៕ ( ម៉ៅ សុធានី rfa 2012-11-17)