រថយន្តហាយឡែនឌ័របួងចង្កូតបត់ជ្រុលបុកដាច់បង្គោលដងហ្គោមបំភ្លឺផ្លូវ១ដើម
ភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបើករេពេញផ្លូវមុនីវង្សរួចបួងចង្កូតបត់ស្តាំ មិនទាន់ជ្រុលទៅបុកផ្តាច់បង្គោលដងហ្គោមបំភ្លឺផ្លូវមួយដើមធ្វើ អោយអ្នកលក់ដូរចិញ្ចើម ផ្លូវភ័យលួសព្រលឹងចុងសក់ប៉ើងខ្ទាតឥវ៉ាន់ លក់ដូររប៉ាត់រប៉ាយហើយរថយន្តបង្កហេតុ បានបើករត់បាត់ដោយសុវត្ថិភាព។
ហេតុការណ៍ គ្រោះថ្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង២៤និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ វិច្ឆិកា ២០១២ នៅចំណុចខាងមុខផ្ទះសំណាក់ហេង ពេជ្រ ផ្លូវលេខ៨៤កែងផ្លូវព្រះមុនីវង្សក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សាក្សី ដែលឃើញហេតុការណ៍នោះបានអោយដឹងថានៅវេលាកើតហេតុគេបានឃើញរថយន្ត ម៉ាក ហាយឡែនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2O- 00 67បើក បោះពួយយ៉ាងលឿនតាមផ្លូវព្រះមុនីវង្សពីត្បូងមកជើង។
លុះមកដល់ខាងមុខមន្ទីរពេទ្យកាល់ម៉ែតបានបួងចង្កូតបត់ស្តាំចូល តាមផ្លូវលេខ៨៤ក៏ជ្រុលទៅខាងឆ្វេងដៃបុកបង្គោលដងហ្គោមបំភ្លឺ ផ្លូវមួយដើមបាក់ដាច់រលើងត្រឹមគល់ដួលគងលើហាងលក់ហ្វឺនិងបុក ឥវ៉ាន់ចាប់ហួយរបស់ចែមុំខ្ទាតរប៉ាត់រប៉ាយធ្វើអោយចែមុំនិងអ្នក រត់ម៉ូតូឌុបប្រចាំការនៅក្បែរនោះនាំគ្នារត់ចេញប្រសាច តែសំណាងល្អមិនមានអ្នកគ្រោះថ្នាក់ឡើយ។
ហើយរថយន្តបង្កហេតុនោះក៏បានបន្ថែមល្បឿនបើករត់ទាំងខ្ទេចកាត់មុខ ឆ្ពោះតាមផ្លូវលេខ៨៤ទៅទិសខាងកើតបាត់តែម្តង។ ទោះជាយ៉ាងណាក៏ត្រូវបានគេកត់ស្លាកលេខ ហើយរាយការណ៍ប្រាប់ប៉ូលិស ដើម្បីស្វែងរកចាប់រថយន្តបង្កហេតុនោះផងដែរ៕
ដោយ៖ ហេង នាង