សមត្ថកិច្ចរារាំងចលនាបាតុកម្មរបស់ក្រុមចលនាយុវជនគណបក្សសម រង្ស៊ី
ភ្នំពេញ៖ ដើម្បីការពារសុវត្ថិភាពលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកនិងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ពេលកិច្ចកំពូលអាស៊ានដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ សមត្ថកិច្ចប៉ូលិសនាព្រឹកថ្ងៃ ទី១៩ វិច្ឆិកា ២០១២ បានធ្វើការរារាំងក្រុមចលនាយុវជនគណបក្សសមរង្ស៊ី ដែល ប្រមូលផ្តុំគ្នានៅទីស្នាក់ការគណបក្សសមរង្ស៊ី នៅសង្កាត់ចាក់អង្រែ តាមបណ្តោយផ្លូវជាតិលេខ២ ដែលបានព្យាយាមជាថ្មីម្តងទៀតក្នុងការធ្វើបាតុកម្មអហិង្សា នៅពីមុខស្ថានទូតអាមេរិក។
សូមបញ្ជាក់ថាព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ ក្រុមយុវជនគណ បក្ស ប្រឆាំង បានពាក់អាវយឺតពណ៌ ផ្ទៃមេឃ និងនៅ ផ្ទាំងខាងមុខ មានរូប សម្តេចឪ និងនៅផ្ទាំងខាងក្រោយ មានរូបលោក អូបាម៉ា ប្រធានាធិបតីអាមេរិកបានព្យាយាមដង្ហែក្បួន ធ្វើបាតុកម្មអហឹង្សានៅស្ថានទូតអាមេរិកដែល គម្រោងប្រមូលផ្តុំធ្វើបាតុកម្មរបស់ ក្រុមយុវជនគណបក្សសមរង្ស៊ី បានធ្វើឡើង ខណៈដែលលោក អូបាម៉ា ប្រធានាធិបតីអាមេរិក និងលោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេស និងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក-អាមេរិក កិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀតនៅកម្ពុជា នាថ្ងៃទី១៩ និងថ្ងៃទី២០ វិច្ឆិកា ២០១២។ ប្រមុខដឹកនាំអាមេរិក ក៏មានការពិភាក្សាទ្វេភាគីរវាងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដើម្បីពង្រឹងកិច្ចសហការនៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំផងដែរ។
ប្រធានចលនាគណបក្សសមរង្ស៊ី លោក សួង សុភ័ណ្ឌ បានប្រាប់អ្នកកាសែតថា គោលបំណងរបស់យុវជនគណបក្ស សម រង្ស៊ី នៅពេលនេះ គឺស្នើសុំឲ្យលោក អូបាម៉ា ជួយអន្តរាគមន៍ទៅប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែងអ្នកទោសនយោបាយ និងដោះលែងសកម្មជនដីធ្លី ព្រមទាំងរៀបចំការបោះឆ្នោត ដោយសេរី យុត្តិធម៌ នៅឆ្នាំ២០១៣ ជាពិសេសសុំឲ្យមានការបង្រួប បង្រួមជាតិ ឲ្យស្របទៅតាមព្រះរាជតម្រិះរបស់អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាលពីព្រះអង្គនៅ មានព្រះជន្ម។
យ៉ាងណាក៏ដោយក្រុមយុវជនគណបក្សប្រឆាំងត្រូវបានសមត្ថកិច្ច ស្ទាក់ជាប់នៅចំណុចចាក់អង្រែ ចម្ងាយពីទីស្នាក់ការគណ បក្សសមរង្ស៊ី ប្រមាណ ៣០០ ម៉ែត្រ ដោយសមត្ថកិច្ច អះអាងថា ត្រួតពិនិត្យស្លាកលេខ និងពន្ធប្រចាំឆ្នាំយានយន្ត។
ការព្យាយាមដង្ហែក្បួនបាតុកម្មរបស់ក្រុមចលនាយុវជនសមរង្ស៊ីនោះគឺទទួលការបរាជ័យ ជាបន្តបន្ទាប់ ខណៈពេលដែលសមត្ថ កិច្ចបានរារាំងនិងមិនអនុញ្ញាត្តិឲ្យពួកគេបង្កភាពអនាធិបតេយ្យ អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នោះឡើយ ៕
ដោយ៖ ភារុណ