កម្មការិនីរោងចក្រ ឃីង ហ្វឺស ៦០ដួលសន្លាប់
នៅថ្ងៃទី២៤ មករា ២០១២ កម្មការិនី ៦០នាក់ នៅរោងចក្រ ឃីង ហ្វឺស ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ក្រុងភ្នំពេញ បានត្រូវរថយន្តរបស់រោងចក្រដឹកជញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ បន្ទាប់ពីបានដួលសន្លប់ជាបន្តបន្ទាប់។
អ្នកស្រី ទេស ស៊ីថន ដែលជាជំនួយការរដ្ឋបាលនៃរោងចក្របាននិយាយថា មូលហេតុដែលធ្វើឲ្យមានកម្មការិនីពុលដួលសន្លាប់នេះអាចបណ្តាលមកពីការលាបថ្នាំលាយជាមួយស៊ីម៉ងត៍ក្នុងការចាក់សាប ទើបធ្វើឲ្យមានក្លិនមិនល្អ ទើបបង្កឲ្យមានការពុលដល់កម្មការិនី។
កម្មការិនីម្នាក់ឈ្មោះ ស៊ីថា បានអះអាងថា អ្នកដែលបានដើរកាត់កន្លែងចាក់សាបប្រមាណជា ៧០នាក់ បានដួលសន្លាប់ជាបន្តបន្ទាប់ ដោយសារចាញ់ក្លិន និងពុលថ្នាំលាយក្នុងបេតុងនោះ ទើបធ្វើឲ្យវិលមុខ ក្អួតចង្អោរ ទន់ដៃជើង និងលែងដឹងខ្លួនតែម្តង។
ចំពោះការពុលនេះថៅកែរបស់រោងចក្របានសម្រេចឲ្យកម្មករទាំងអស់ឈប់សម្រាករហូតដល់ក្លិនថ្នាំ ក្នុងបេតុងចាក់សាបបាត់ក្លិន ទើបឲ្យកម្មករចូលធ្វើការវិញ៕