ការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា​​មានកម្រិតខ្ពស់នៅឡើយ

ភ្នំពេញ៖ ក្នុងសិក្ខាសាលាស្តីពីគ្រឿងស្រវឹង និង សុវត្ថិភាពភូមិ ឃុំ នាព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១២ នៅមជ្ឍមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន(CJCC) លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា យោងតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ២០១១ កន្លងទៅ បានបង្ហាញថា ជនរងគ្រោះស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ សរុបមានចំនួន១.៩០៥នាក់ និងមានអាយុ ចន្លោះពី២០ ទៅ៣៩ឆ្នាំ។ បណ្តាលឲ្យខាតបង់ថវិកា ប្រមាណជាង ៣១០ លានដុល្លារអាមេរិក បើធៀបទៅនិងឆ្នាំ២០១០ មានត្រឹមតែ ២៧៩លានដុល្លារអាមេរិក តែប៉ុណ្ណោះ។

លោកបានបន្តថា ការអប់រំពីបញ្ហាគ្រឿងស្រវឹង ដល់ប្រជាពលរដ្ឋ យុជន យុវនារី មិនទាន់បានទូលំទូលាយ និងស៊ីជម្រៅនៅឡើយទេ។ បើមើលទៅលើប្រព័ន្ធនៃ ការផ្សព្វផ្សាយព័ត៌មានគ្រឿងស្រវឹង មានភាពគគ្រឹកគគ្រេង ហើយបានប្រើប្រាស់រូបភាព គ្រប់បែបយ៉ាង ដើម្បីអូសទាញអ្នកប្រើប្រាស់។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ ផងដែរថា ការប្រើប្រាស់ គ្រឿងស្រវឹង ក្នុងចំណោម យុវជន វាធ្វើឲ្យប៉ៈពាល់ដល់វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាកាអភិវឌ្ឍជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេឈានទៅដល់ បោះបង់ចោលការសិក្សា នឹង ធ្វើឲ្យប៉ះពាល់ដល់អនាគត របស់ពួកគេថែមទៀត។

លោកបន្តថា កាលឆ្នាំ២០០៨ ចំណោមអ្នកធ្វើសម្ភាសន៍ចំនួន ១៤០០នាក់ មាន១១៨៥នាក់ ស្មើនឹង ៨៥ភាគរយ បានប្រើប្រាស់ គ្រឿងស្រវឹង។ អត្រាអ្នកប្រើប្រាស់ច្រើនជាងគេ គឺប្រជាពលរដ្ឋមានអាយុចន្លោះពី១៨ ដល់២៥ឆ្នាំ។

យោងតាមរបាយការណ៍ស្រាវជ្រាវ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០១០ បានរកឃើញថា យុវជនមានអាយុចាប់ពី១៥ឆ្នាំទៅ ២៤ឆ្នាំ ប្រមាណជាង ៩០.៧ភាគរយ ដោយរួមបញ្ចូលទាំងស្រ្តីចំនួន ៧០ភាគរយ បានប្រឡូកក្នុងការប្រើប្រាស់គ្រឿងស្រវឹង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close