ផ្លោះរបងរត់ចេញពីមណ្ឌលឃុំខ្លួន
ប្រជាជនដែលធ្លាប់រស់នៅបុរីកីឡាជិត ២០ នាក់ ហើយដែលត្រូវបានអាជ្ញាធររាជធានីភ្នំឃុំខ្លួនអស់រយៈពេលប្រមាណមួយសប្ដាហ៍កន្លងមក ដោយសារតែមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផាន អ៊ីម៊ិចនៅបុរីកីឡានោះ បានលោតផ្លោះរបងចេញពីមជ្ឈមណ្ឌលព្រៃស្ពឺកាលព្រឹក នៅថ្ងៃទី ១៨ មករា នេះ។
ការលោតផ្លោះរបងចេញដោយខ្លួនឯងនេះបានធ្វើឡើង បន្ទាប់ពីលោកជំទាវ មួរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានទៅអន្តរាគមន៍ជាមួយលោក វ៉ាន់ ង៉ាត់ ប្រធានមជ្ឈមណ្ឌលព្រៃស្ពឺ ដោយសុំឲ្យដោះលែងពលរដ្ឋទាំងនោះឲ្យមានសេរីភាពវិញ។
ដោយលោកប្រធានមជ្ឈមណ្ឌលមិនព្រមអនុញ្ញាតឡើយ ពលរដ្ឋទាំងចំនួន ១៨ នាក់ ដោយរួមទាំងកុមារ ២ នាក់ផង ក៏បានផ្លោះរបងចេញពីមជ្ឈមណ្ឌលនេះនៅម៉ោងប្រមាណ ១១ ហើយកម្លាំងសន្តិសុខប្រចាំមណ្ឌល និងអាជ្ញាធរនៅមូលដ្ឋាននៅទីនោះក៏មិនមានការឃាត់ឃាំងដែរ៕