ទីក្រុង​ញូវយ៉ក​ត្រៀម​ប្រឈម​នឹង​ព្យុះសង្ឃរា Sandy

ទីក្រុងជាច្រើនស្ថិតនៅតាមឆ្នេរប៉ែកខាងកើតអាមេរិក ដោយរួមបញ្ចូលទាំងទីក្រុង ពាណិជ្ជកម្មNew York ផងកំពុងត្រៀមខ្លួន ទប់ទល់នឹងព្យុះសង្ឃរា Sandy ដែលនឹងបោកបក់ទៅដល់ឆ្នេរអាមេរិកនៅថ្ងៃអង្គារស្អែក។ ប្រជាជនអាមេរិក ប្រមាណ ៥០លាននាក់នឹងអាចទទួលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះសង្ឃរា លើកនេះ ដែលគេចាត់ទុកថា ជាព្យុះសង្ឃរាប្រវត្តិសាស្រ្ត នៅអាមេរិក។

ព្យុះសង្ឃរា Sandy ត្រូវគេរំពឹងថា នឹងបក់ឆ្លងកាត់ទីក្រុងធំៗរបស់រដ្ឋជាប់ឆ្នេរ ខាងកើតដូចជា ញូវយ៉ក ហ្វីឡាដែលហ្វី វ៉ាស៊ីនតោននិងបូស្តុន ។ ព្យុះសង្ឃរា មិនទាន់បានបក់ទៅដល់នៅឡើយទេ ប៉ុន្តែ សកម្មភាពនៅក្នុងទីក្រុងទាំងនេះ សឹងតែជាប់គាំងទាំងអស់។ជាក់ស្តែងនៅទីក្រុងពាណិជ្ជកម្មញួវយ៉កដែលមានប្រជា ជនរស់នៅប្រមាណជាង ៨លាននាក់ ភាពអ៊ូអរនៅតាមផ្លូវថ្នល់ត្រូវកាត់បន្ថយ។ តាំងពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ ចៅហ្វាយក្រុងញូវយ៉កបានប្រកាសបិទផ្លូវ រទេះ ភ្លើងក្រោមដី សាលារៀន និង ស្ថាប័នរដ្ឋជាច្រើនទៀត។ អគារផ្សារភាគ ហ៊ុន នៅញួវយ៉កត្រូវផ្អាកបិទទ្វាររបស់ខ្លួនមួយរយៈ ចំណែកអាកាសយានដ្ឋាន ទាំងបីរបស់ទីក្រុងត្រូវបិទចាប់ពីថ្ងៃចន្ទ ក្នុងពេលដែលជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិជិត ៣០០០ក៏ត្រូវគេលុបចោលរួចហើយដែរ។

នៅទីក្រុងញូវយ៉ក ប្រជាជនជិត៤សែននាក់ ដែលរស់នៅតំបន់ទាបដែលអាចលិចទឹក ក៏ត្រូវគេជម្លៀសចេញពីផ្ទះសម្បែង និងទៅជ្រក នៅជម្រកសុវត្ថិភាព៧០ កន្លែងរបស់សាលាក្រុង។ ទាំង លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និង ចៅហ្វាយក្រុងញួវយ៉កបានអំពាវនាវឲ្យប្រជាជនដែលរស់នៅក្នុងតំបន់ឆ្លងកាត់ របស់ព្យុះSandy សម្ងំ នៅក្នុងផ្ទះ លើកលែងតែបុគ្គលិកសម្រាប់សេវាកម្ម បន្ទាន់ប៉ុណ្ណោះ ដូចជាតុលាការកំពូលជាដើម ដែលគេអនុញ្ញាតឲ្យបន្តការ ងារជា ធម្មតារបស់ខ្លួន។

បើតាមមជ្ឈមណ្ឌលជាតិផ្នែកព្យុះអាមេរិកខ្យល់ព្យុះSandyដែលបក់ក្នុងមហា សមុទ្រAtlantique ក្នុងល្បឿន១២០គីឡូម៉ែត្រ នឹងបង្កើនល្បឿន និងទំហំកាន់តែ ធំនៅពេលវាមកដល់ដីគោក។ គេបានប៉ាន់ប្រមាណថា គ្រាន់តែខ្យល់ព្យុះមួយ មុខ នឹងបង្កឲ្យមានការខូចខាត ក្នុងទំហំប្រាក់ ៣ពាន់លានដុល្លារ នៅទីក្រុងញួវ យ៉ក។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគេបារម្ភខ្លាំងជាងនេះ គឺខ្យល់ព្យុះសង្ឃរានេះនឹង អាច បក់នាំទឹកជំនន់មកជន់លិចទីក្រុង។

កាលពីថ្ងៃម្សិលមិញ អ្នកជំនាញឆ្នេរទីក្រុងញូវយ៉ក លោកNicolas Koch បាន និយាយប្រាប់ទូរទស្សន៍CNNថា តំបន់មួយចំនួនរបស់សង្កាត់Manhattan នឹងត្រូវលិច ទឹក ចំណែកផ្លូវរទះភ្លើងក្រោមដីជាច្រើននឹងត្រូវរងខូចខាតដោយសារទឹកសមុទ្រ ជន់លិចលើកនេះ៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close