ទួកគីបញ្ចុះបញ្ចូលសារមន្ទីរនៅជុំវិញពិភពលោក ឱ្យប្រគល់វត្ថុបុរាណមកវិញ
កំពុងអនុវត្តគោលនយោបាយដ៏មោះមុតកាន់តែខ្លាំងឡើង ក្នុងការធ្វើឱ្យសារ មន្ទីរធំៗនៅទូទាំងពិភពលោកប្រគល់បេតិកភណ្ឌរបស់ខ្លួន ត្រឡប់មកវិញ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ លោក អឺទូហ្រ្គុល ហ្គូណាយ (Ertugrul Gunay)និយាយថា កាលពីទសវត្សរ៍មុនវត្ថុបុរាណជាង៤ពាន់ត្រូវបានបញ្ជូនត្រឡប់ មកឱ្យទួកគីវិញពីសារមន្ទីរនិងកន្លែងប្រមូលផ្តុំវត្ថុបុរាណនៅលើពិភពលោក។
កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ទួកគី បានបើកសារមន្ទីរបុរាណ វិទ្យាមួយ នៅក្នុងទីក្រុងអ៊ីម្សីរ៍(Izmir)ភាគខាងលិច។ លោក អឺទូហ្រ្គុល ហ្គូ ណាយ (Ertugrul Gunay) គឺជាវិស្វករនៃបដិវត្តន៍សារមន្ទីរមួយរូបនៅក្នុង ប្រទេសនេះ ដែលមានបំណងប្រមែប្រមូលបេតិកភណ្ឌដ៏សម្បូរបែបរបស់ទួកគី។
សារមន្ទីរបុរាណវិទ្យាថ្មីៗនៅទូទាំងប្រទេស ត្រូវបានបើកឳ្យដំណើរការ ដោយ មានគម្រោងបើកកាន់តែច្រើនបន្ថែមទៀត ខណៈពេលដែលសារមន្ទីរដែលត្រូវបាន បង្កើតរួចរាល់ហើយ មានការរៀបចំឡើងវិញដោយចំណាយសោហ៊ុយអស់យ៉ាង ច្រើន។ ប៉ុន្តែ ដូចដែលលោក ហ្គូណាយ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុង ពិធីបើកសារមន្ទីរចុងក្រោយបំផុតនេះ បដិវត្តន៍របស់លោកមានជាប់ពាក់ព័ន្ធ ជាអន្តរជាតិ។
លោក ហ្គូណាយ និយាយថា នៅពេលអ្នកទៅទស្សនាសារមន្ទីរធំៗនៅ លើពិភពលោក នៅក្នុងសហរដ្ឋអាមេរិក (United States) អង់គ្លេស (England) បារាំង (France) និង អាល្លឺម៉ង់ (Germany) អ្នកនឹងឃើញថា ភាគច្រើននៃវត្ថុបុរាណ ដ៏មានតម្លៃ ត្រូវបាននាំយកមកពីប្រទេស ទួកគី (Turkey) អ៊ីតាលី (Italy) អេហ្សីប (Egypt) និងក្រិច (Greece)ជាដើម។ លោកនិយាយថា វត្ថុបុរាណទាំងនេះមួយចំនួន ត្រូវបានលួច ហើយលោកកំពុងតស៊ូដើម្បីនាំយកវត្ថុបុរាណជាប្រវត្តិ សាស្រ្តទាំង នោះមកវិញ ដែលត្រូវបានទៅដល់សារមន្ទីរធំៗនៅលើពិភពលោកដោយខុស ច្បាប់ ពីប្រទេស ទួកគី។
រួមជាមួយនឹងការចាត់វិធានការយ៉ាងខ្លាំងក្លាតាមផ្លូវតុលាការ ដើម្បីនាំយក វត្ថុបុរាណទាំងនោះមកវិញ ពីបណ្តាសារមន្ទីរធំៗនៅជុំវិញពិភពលោក លោក ហ្គូណាយ បានប្រកាន់យកវិធីសាស្រ្តថ្មីមួយទៀត។
កាលពីដើមឆ្នាំនេះ លោកបានប្រើសិទ្ធិបដិសេធប្រឆាំងទៅនឹងការខ្ចីវត្ថុបុរាណ សម្រាប់ការតាំងពិពរ័ណ៌យ៉ាងធំមួយ ដោយសារមន្ទីររបស់ប្រទេសអង់គ្លេស ដរាបណាសារមន្ទីរនេះប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណ ដែលរដ្ឋាភិបាលទីក្រុង អង់ការ៉ា (Ankara) អះអាងថា ត្រូវបានយកចេញដោយខុសច្បាប់។ ទណ្ឌកម្ម ប្រហាក់ប្រហែលគ្នា ក៏កំពុងត្រូវបានអនុវត្តទៅលើសារមន្ទីរធំៗដទៃទៀតដែរ។
លោក នឺហ្សី បាសហ្គឺលែន (Nezih Basgelen) និពន្ធនាយកនៃទស្សនាវដ្ដី បុរាណ វិទ្យា ដ៏នាំមុខគេមួយរបស់ទួកគី មានប្រសាសន៍ថា គោលនយោបាយនេះ អាច មានផលប៉ះពាល់យ៉ាងធំធេងទៅលើសារមន្ទីរនៅជុំវិញពិភព លោក។
«យើងមានបញ្ជីមួយចំនួន បញ្ជីជាច្រើនសម្រាប់ប្រទេស អាល្លឺម៉ង់ អង់គ្លេស សហ រដ្ឋអាមេរិក បារាំង និងប្រហែលជាប្រទេស អូទ្រីសផងដែរ។ មានវត្ថុបុរាណជាងមួយ ពាន់ ពោលគឺរាប់ពាន់ចំណែក ដែលមួយចំនួនគឺជាវត្ថុបុរាណដែលផលិតពីសេរ៉ាមិក ហើយមួយចំនួនទៀតគឺជាកាក់។ វត្ថុបុរាណជាច្រើនទៀតធ្វើអំពីថ្មម៉ាប ដែល ជារបស់ធំៗ ដូចជាមឈូសដែលធ្វើអំពីថ្ម និងបដិមាធំៗ ព្រមទាំងវត្ថុជាច្រើនទៀត»។
ក្រសួងវប្បធម៌របស់ទួកគីក៏បានប្រើប្រាស់ភាពល្បីល្បាញដែលកំពុងបន្តរបស់ប្រទេស នេះសម្រាប់ក្រុមអ្នកបុរាណវិទ្យាដើម្បីធ្វើជាមធ្យោបាយមួយក្នុងការដាក់សម្ពាធ ដែរ។ រដ្ឋាភិបាលទីក្រុង អង់ការ៉ា បានគំរាមពន្យាការអនុញ្ញាតចំពោះក្រុម អ្នកបុរាណវិទ្យាជនជាតិ អាល្លឺម៉ង់មួយរូប មិនឱ្យទៅស្រាវជ្រាវនៅលើទីតាំង សំខាន់ៗទេ ប្រសិនបើសារមន្ទីរ អាល្លឺម៉ង់ មិនប្រគល់វត្ថុបុរាណដែលកំពុងមាន ជម្លោះទៅឱ្យទួកគី វិញ។ នៅទីបំផុត សារមន្ទីរនេះបានយល់ព្រមតាមការទាម ទារនេះកាលពីឆ្នាំទៅ។
ប៉ុន្តែ គោលនយោបាយដ៏តឹងតែងនេះ បានធ្វើឲ្យមានការរិះគន់ថា ក្រសួងគួរតែ រៀបចំផ្ទះសម្បែងរបស់ខ្លួនឱ្យមានរបៀបរៀបរយសិនមុនពេលសម្លឹងមើល ទៅក្រៅប្រទេស។ លោក អូហ្សិន អាការ៍ (Ozgen Acar) ដែលជាអ្នកសរសេរ មួយ រូបសម្រាប់កាសែត ទួកគី ដែលមានឈ្មោះថា ខាំហឺរីយ៉ែត (Cumhurriyet) បានលះបង់ពេលវេលាភាគច្រើនក្នុងជីវិតរបស់លោក ទៅលើការបញ្ជូនត្រឡប់ មកពីបរទេសវិញនូវវត្ថុបុរាណដែលត្រូវបានលួច។
«ភាពអនាធិបតេយ្យនៃការលួចរបៀបនេះនៅទួកគី កំពុងតែរីករាលដាលធំឡើងៗ នៅចំពេលដែលពួកគេព្យាយាមទាមទារមកវិញនូវវត្ថុបុរាណពីសារមន្ទីរផ្សេងៗ នៅក្នុងពិភពលោក។ ប៉ុន្តែ រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ចំពោះការ លួច នៅក្នុងប្រទេសនោះទេ។ នេះគឺជាកំហុសយ៉ាងធំធេងមួយ»។
លោករដ្ឋមន្រ្តីបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថាមានការកើន ឡើង ចំនួន ១២ដង នូវធនធានសម្រាប់ការជីកកកាយផ្នែកបុរាណវិទ្យា កាលពី១២ឆ្នាំ កន្លងទៅ។
វាក៏មានកត្តាសេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយ នៅពីក្រោយយុទ្ធនាការរបស់ទួកគី ក្នុងការយកត្រឡប់មកវិញនូវវត្ថុបុរាណដ៏ល្បីល្បាញទាំងនេះ។
ឥឡូវនេះអតីតកាលខាងបុរាណវិទ្យារបស់ទួកគី គឺជាចំណែកមួយដ៏សំខាន់នៃ យុទ្ធនា ការរបស់រដ្ឋាភិបាល ដើម្បីទាក់ទាញទេសចរ ដោយមានផ្នែកពាណិជ្ជកម្មដែរ ដែលផ្សព្វផ្សាយប្រទេសនេះថាជាគោលដៅមួយដែលផ្តល់ឱ្យលើសពីពន្លឺ ព្រះអាទិត្យនិងឆ្នេរសមុទ្រទៅទៀត។
ផ្នែកមួយនៃគោលនយោបាយនេះ រាប់បញ្ចូលទាំងការសាងសង់សារមន្ទីរ បុរាណវិទ្យាដ៏ធំជាងគេបង្អស់មួយនៅលើពិភពលោកសម្រាប់រដ្ឋធានីអង់ការ៉ា។
លោក បាសហ្គឺលែន ដែលជានិពន្ធនាយកនៃទស្សនាវដ្ដីបុរាណវិទ្យា មានការ ព្រួយបារម្ភថា គោលនយោបាយដ៏មោះមុតនៃការបញ្ជូនត្រឡប់មកវិញនូវវត្ថុ បុរាណទាំងឡាយ អាចនឹងបញ្ចប់ការប៉ះពាល់ដល់សារមន្ទីររបស់ទួកគី និងគម្រោង បុរាណវិទ្យាទាំងឡាយ។ លោកស្នើឳ្យមានការសម្រុះសម្រួលមួយ ដែលវត្ថុ បុរាណ នោះអាចត្រូវបានផ្តល់ដល់សារមន្ទីរជាច្រើននូវការខ្ចីក្នុងរយៈពេល៤០ ឆ្នាំ។
ប៉ុន្តែរដ្ឋមន្រ្តីក្រសួងវប្បធម៌របស់ទួកគី បង្ហាញការប្តេជ្ញាចិត្តក្នុងការ បន្ត ការទាមទាយកមកវិញនូវវត្ថុបុរាណទាំងនោះ។ លោកបានប្រកាសអំពី កិច្ចព្រម ព្រៀងជាមួយប្រទេសក្រិច ដើម្បីរួមកម្លាំងគ្នានៅក្នុងការតស៊ូរបស់ពួកគេ ហើយ ការចរចារកំពុងបន្តជាមួយប្រទេសអ៊ីតាលីនិងអេហ្សីប។ក្រុមអ្នកសង្កេតការបាន ព្រមានថា ការជាប់ពាក់ព័ន្ធនៅក្នុងភាពចម្រូងចម្រាស់នេះអាចមានឥទ្ធិពលយូរ អង្វែងសម្រាប់សារមន្ទីរបុរាណវិទ្យាធំជាងគេបង្អស់ទាំងឡាយនៅលើពិភពលោក ៕ប្រែសម្រួលដោយ ឌី ខាំបូលី (VOA)