​រដ្ឋាភិបាលកំណត់យក​​ថ្ងៃ​​​ទី១៥ តុលាជាថ្ងៃគោរព​​ព្រះវិញ្ញាណក្ខន្ធព្រះ​​មហាវីរក្សត្រ

ដោយ៖ ហេង នាង

Cambodia News

ព្រះឆាយាល័ក្ខណ៍ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ

ភ្នំពេញ៖ យោងតាមសារាចរលេខ ០៣ ស.រ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ខែតុលា ជាទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ សម្រាប់ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៣។ សារាចរនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០៣ ស.រ ដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដោយយោងតាមអនុក្រឹត្យលេខ១៨៦ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៣ រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែតុលា ជាទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដោយព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ មានគុណូបការៈដ៏ថ្លៃថ្លាវិសេសវិសាល និងឧត្តុង្គឧត្តមចំពោះជាតិមាតុភូមិ ដែលក្នុងមួយជីវិតរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

Related Articles

Back to top button
Close
Close