ថ្នាក់ដឹកនាំ​កំពូល​រុស្ស៊ី​បន្ថយ​ការ​ធ្វើដំណើរ​តាមរថយន្ត ឆ្លងទៅ​ជិះ​ឧទ្ធម្ភាគចក្រ​វិញ

ការសម្រេចចិត្តនេះត្រូវបានអនុម័តថ្ងៃ១៧តុលាទាំងដោយប្រធានាធិបតីទាំងដោយ នាយករដ្ឋមន្ត្រី ដើម្បីបញ្ចៀសឲ្យបានជាអតិបរមា ការស្ទះចរាចរណ៍តាមផ្លូវ ក្នុងរដ្ឋធានីម៉ូស្គូ បណ្តាលមកពីក្បួនរថយន្តរដ្ឋបុរស។ មូលហេតុ មកពីមាន ការបន្លឺឡើងគ្មានឈប់ នូវសំឡេងរអ៊ូរទាំ ទាំងក្នក់ក្នាញ់ ពីខាងពួកអ្នកបើកឡាន ធម្មតា ដែលត្រូវបង្ខំចិត្តនៅជាប់ស្ទះ ទៅតាមបទបញ្ជានៃតម្រួតចរាចរណ៍ ដែលវែកផ្លូវទុកសម្រាប់ការបើកដោយល្បឿនលឿនដូចហោះនៃក្បួនរថយន្ដ អ្នកធំទាំងនោះ។

ជាការរំលឹក គឺតាំងពីជំនាន់សូវៀតមក ដែលក្បួនរថយន្តថ្នាក់ដឹកនាំនៅទីនេះ តែងបើកបោះពួយដោយល្បឿនលឿនដូចហោះគ្មានប្រណីទេសូម្បីក្នុងរដ្ឋ ធានីក្តី ជាទីដែលមានឡាន បើកយ៉ាងច្រើនកុះករស្រាប់ទៅហើយ។ រួចក្នុងប្រទេស រុស្ស៊ីសម័យថ្មី ក្រោយពីលែងមានរបបកុម្មុយនិស្តសូវៀតទៅ ថ្នាក់ដឹកនាំ កំពូលនិយមប្រើសម្រាប់ការធ្វើដំណើរ គឺ រថយន្តពាសដែករបស់អាល្លឺម៉ង់ អាម៉ាក Mercedes 600 Pullman ហើយឡាន Jeep ២គ្រឿង ដែលតាមធម្មតា អមដំណើររ ថយន្តប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលជិះដោយក្រុមអង្គរក្សក៏ម៉ាកMercedes ដែរ ដើម្បីដេញឲ្យទាន់ល្បឿន Mercedes របស់ចៅហ្វាយ។ ជាការកត់សម្គាល់ ធ្លាប់មានទាំងករណីកាលដែលក្បួនរថយន្តនោះបុកយានជំនិះណាដែលទើសផ្លូវ ខ្លួនទៅផង ហើយទោះបីបុកក្តី ក៏មិនដែលឈប់រកខុសត្រូវឡើយ។

សម្រាប់ប៉ូលិសតម្រួតចរាចរណ៍ គ្រាន់តែទទួលដំណឹងថា ក្បួនរថយន្តប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋាភិបាលត្រូវធ្វើដំណើរមកតាមផ្លូវនេះឬនោះ នោះគឺឃាត់ឡាន ឯទៀត ឲ្យឈប់នៅរង់ចាំសិននៅតាមកូនវិថីក្បែរៗនោះទម្រាំក្បួនរថយន្តអ្នកធំឆ្លង ទៅផុត។ ជួនកាល ការឃាត់ផ្លូវនេះ ពន្យារទៅអស់រាប់ម៉ោង ហើយឡានដែល ស្ទះនៅតាមផ្លូវ មានប្រវែងដល់រាប់សិបគ.ម.ឯណោះ។

ទាំងលោកប្រធានាធិបតីពូទីន ទាំងលោកនាយករដ្ឋមន្ត្រីមេដវេដេវ សុទ្ធតែយល់ ដឹងអំពីកំហឹងនិងទឹកចិត្តមួម៉ៅរបស់ពួកអ្នកបើកឡានសាមញ្ញធម្មតា។ពេលថ្មីៗ ក្នុងសម្ភាសន៍ តាមកាណាល់ទូរទស្សន៍មួយ តបនឹងឃ្លាប្រៀបប្រដូច ដែលថា ៖ លោកប្រធានាធិបតីបារាំង François Hollande សូម្បីតែពេលគាត់ធ្វើដំណើរ ទៅ ចូលរួមក្នុងពិធីទទួលសច្ចាប្រណិធានឡើងកាន់មុខតំណែងខ្លួនក្តី ក៏រថយន្តគាត់ នៅតែឈប់ត្រង់ ភ្លើងStop” ដូចគេដូចឯងអ៊ីចឹង។ លោកប្រធានាធិបតីរុស្ស៊ីពូទីន ឮដូច្នេះ ស្រាប់តែកាត់សំដីអ្នកកាសែតនោះ ហើយនិយាយដោយខ្លីថា ៖ “ខ្ញុំ មិនដែលខ្វល់នឹងរឿងប្រជានិយមទេ

ទោះយ៉ាងណាក្តីក៏ថ្ងៃ១៧តុលាវិមានក្រេមឡាងបានប្រកាសថា លោកប្រធានា ធិបតីពូទីន ក្នុងភាគច្រើននៃពេលវេលាខ្លួន នឹងធ្វើការគឺនៅឯនិវេសនដ្ឋានគាត់ ឯ ជាយក្រុងម៉ូស្គូដើម្បីចៀសវាងការធ្វើដំណើរតាមក្បួនរថយន្តដែលអាចនាំឲ្យស្ទះ ដល់ចរាចរណ៍ក្រុង ហើយបើកាលៈទេសៈតម្រូវឲ្យគាត់វត្តមានខានមិនបាន ក្នុងពិធី ណា នៅក្នុងរដ្ឋធានី នោះគាត់នឹងបន្ថយការប្រើក្បួនរថយន្ត ហើយឆ្លងទៅ ប្រើឧទ្ធម្ភាគចក្រទៅវិញ សម្រាប់ចល័តពីកន្លែងមួយទៅមួយ។

ទាំងទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានប្រកាស អំពីគម្រោងបែបដូចគ្នានេះដែររបស់ លោកនាយករដ្ឋមន្ត្រី មេដវេដេវ៕ ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close