នៅ​រុស្ស៊ី អាជ្ញាធរ វាត​ប្រតិបត្តិការ បង្ក្រាប ពួកប្រឆាំង

ថ្ងៃ១៧តុលានេះ តាំងពីម៉ោង៧ព្រឹកម៉្លេះ ពួកប៉ូលិសបានចូលទៅឆែកឆេរលំនៅ របស់មេចលនាប្រឆាំងឈ្មោះ Serguei Oudaltsov ដែលជាប់ចោទក្នុងការ រៀប ចំអំពើបះបោររបស់មហាជនឲ្យដណ្តើមយកអំណាចតាមផ្លូវហិង្សា ពឹងលើលុយ បរទេស។បទចោទប្រកាន់នេះ រុញច្រានចេញមកដោយ ”ស្ថាប័នស៊ើបអង្កេតសហ ព័ន្ធរុស្ស៊ី”ក្រោយពីទូរទស្សន៍រុស្ស៊ី បានបញ្ចាំងខ្សែភាពយន្ត បរិហារអាក្រាត គម្រោងពួកប្រឆាំង។

ខ្សែភាពយន្តនោះដែលត្រូវបានបញ្ចាំងអស់៥០នាទី តាមកាណាល់ ទូរទស្សន៍ រុស្ស៊ី NTV កាលពីថ្ងៃទី៥តុលា បង្ហាញឲ្យឃើញពីជំនួបមេប្រឆាំងនៅរុស្ស៊ី ឈ្មោះ Serguei Oudaltsov ជាមួយប្រធានគណៈកម្មាធិការរដ្ឋសភាហ្ស៊កហ្ស៊ី ខាងបញ្ហាសន្តិសុខ និងការពារជាតិ គឺលោក Guivi Targamadze ជាតំណាង រាស្ត្រហ្ស៊កហ្ស៊ី សម្បូណ៌ពិសោធន៍ ខាងចាត់ចែងរលកបះបោរ និងអ្វីហៅថា “បដិវត្តន៍មានពណ៌” ក្នុងលំហនៃអតីតសហភាពសូវៀត។ វត្តមានក្នុងជំនួបនេះ ក៏ទាំងកុងស៊ុលហ្ស៊កហ្ស៊ី នៅរដ្ឋម៉ុលដាវី លោក Mikhail Yashvili ពោលគឺ សុទ្ធតែជាមនុស្ស ដែលជំនិតនឹងលោកប្រធានាធិបតីហ្ស៊កហ្ស៊ី Saakashvili ជាសត្រូវស្លាប់រស់ទល់នឹងរុស្ស៊ី។

ជំនួបនេះ បានប្រព្រឹត្តទៅនៅទីក្រុង Minsk រដ្ឋធានី Belarus កាលពីកណ្តាល ខែមិថុនាឆ្នាំនេះ ដោយសាច់រឿងវា តាមការអះអាងនៃភាពយន្ត គឺអំពីការផ្តល់ ហិរញ្ញប្បទានពីបរទេសដល់សកម្មភាពរបស់ពួកប្រឆាំងនៅរុស្ស៊ីឲ្យបោក បក់ គ្មានឈប់ នៅលើដែនដីសហព័ន្ធរុស្ស៊ី ប្រឆាំងទល់នឹងអំណាចសព្វថ្ងៃ របស់ លោកប្រធានាធិបតីពូទីន។

ជំនួបនោះ បានផ្តោតការយកចិត្តទុកដាក់យ៉ាងច្រើន ទៅលើលុយដែល ស.រ.អា.រំលែក សម្រាប់ “ ជំរំខាងបណ្តុះបណ្តាលពួកអ្នកបដិវត្ត ” នៅប្រទេស Roumanie និង Lituanie ដែលក៏មាន Georgie ដើរតួជួយបង្កើតផងដែរ។ តាមភាព យន្តនោះ ឈ្មោះ Serguei Oudaltsov មេប្រឆាំងម្នាក់នៅរុស្ស៊ី ទទួលនៅ ដំណាក់ដំបូង ពីពួកអាណាព្យាបាលហ្ស៊កហ្ស៊ី គឺ ៣៥.០០០ ដុល្លារ ក្នុង១ខែ សម្រាប់រៀបចំអំពើហិង្សា។

ភាពយន្តនោះក៏អះអាងដែរថា លុយទំហំ៥០លានដុល្លារ សម្រាប់គាំទ្រពួក ប្រឆាំង ឲ្យធ្វើ ”បដិវត្តន៍”នៅរុស្ស៊ី ត្រៀមរំលែក ដោយអតីតប្រធាន”ធនាគារម៉ូស្គូ” លោក Andrei Borodine ដែលឥឡូវជ្រកកោន នៅក្រុង Londres ហើយកំពុង ស្វែងរកចាប់ខ្លួន ដោយអាជ្ញាធររុស្ស៊ីតាមបទកេងបន្លំ។ មិនតែប៉ុណ្ណោះ លោក Borodine សន្យាអង្គាសឲ្យបាន ១៥០លានដុល្លារទៀតពីពួក មហា សេដ្ឋីរុស្ស៊ី មិត្តភ័ក្ត្រគាត់សម្រាប់ផ្តល់ដល់ពួកប្រឆាំងនៅរុស្ស៊ី។

តបនឹងការបដិសេធច្រានចោល ពីខាងលោក Serguei Oudaltsov ដែលថា រូបភាព ក្នុងភាពយន្តនោះ ក្លែងក្លាយទេតើ ដោយផ្សំឡើងតាមវិធីផ្គុំដំឡើងសោះ អ្នកនាំពាក្យផ្លូវការ នៃ ”ស្ថាប័នស៊ើបអង្កេតសហព័ន្ធរុស្ស៊ី” គូសបញ្ជាក់ថា កោសលវិច៍យ បានបង្ហាញថា រូបភាពដែលមានជារូបមែនពិតឥតប្រកែកបាន និង ថាមេប្រឆាំងនោះ តាមបទចោទប្រកាន់ដែលមាន គឺអាចត្រូវកាត់ទោសឲ្យជាប់ ពន្ធនាគាររហូតដល់១០ឆ្នាំ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close