កុំបង្ហោះរូបថតអត្តសញ្ញាណប័ណ្ណជាសាធារណៈ ប្រយ័ត្នជនល្មើសយកទិន្នន័យទៅប្រើប្រាស់ខុសច្បាប់

ជាក់ស្តែងថ្មីៗនេះ សង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន បានបង្ហោះរូបថតអត្តសញ្ញាណប័ណ្ណរបស់ខ្លួនជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក។ បើតាមក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ការចែករំលែក ឬបង្ហោះទិន្នន័យបែបនេះ នឹងធ្វើឱ្យអ្នកអាចក្លាយជាគោលដៅវាយប្រហាររបស់ក្រុមឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យា ដោយស្តែងតាមបទល្មើសដូចខាងក្រោម៖

១. ការក្លែងបន្លំអត្តសញ្ញាណ (Identity Theft)

ជនល្មើសអាចយកឈ្មោះ ឬរូបថតអត្តសញ្ញាណប័ណ្ណ ទៅប្រើប្រាស់ប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ការបញ្ជាទិញទំនិញខុសច្បាប់ ការប្រកបអាជីវកម្មអនឡាញខុសច្បាប់ ការគំរាមកំហែងបុគ្គលដទៃ ឬការយកឈ្មោះទៅខ្ចីប្រាក់ខុសច្បាប់ជាដើម។

២. ការលួចគ្រប់គ្រងគណនីធនាគារ

ជនល្មើសប្រើប្រាស់ទិន្នន័យបុគ្គលស្រាវជ្រាវរកគណនីធនាគារ ហើយយកព័ត៌មានអត្តសញ្ញាណប័ណ្ណទៅបន្លំឆ្លងកាត់ប្រព័ន្ធផ្ទៀងផ្ទាត់សុវត្ថិភាពរបស់ធនាគារ ឬកាបូបលុយអេឡិចត្រូនិក ដើម្បីលួចយកប្រាក់របស់ជនរងគ្រោះ។

៣. ការគំរាមកំហែងទារប្រាក់ (Extortion)

ជនល្មើសអាចប្រមូលយករូបថត និងទិន្នន័យបុគ្គលរបស់ជនរងគ្រោះ ទៅធ្វើការគំរាមកំហែងទារប្រាក់ តាមរយៈវិធីសាស្ត្រទុច្ចរិតផ្សេងៗ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាវីដេអូ ឬរូបភាពអាសអភាស។

ដើម្បីចៀសវាងហានិភ័យទាំងនេះ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការបង្ហោះ ឬចែករំលែករូបថតអត្តសញ្ញាណប័ណ្ណ និងទិន្នន័យសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងទៀតជាសាធារណៈលើបណ្តាញសង្គម ព្រមទាំងត្រូវរក្សាទុកព័ត៌មានទាំងនេះឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពបំផុត។

ទិន្នន័យបុគ្គល ឬព័ត៌មានសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួន (PII – Personally Identifiable Information) សម្តៅលើព័ត៌មានទាំងឡាយដែលអាចកំណត់អត្តសញ្ញាណបុគ្គលណាម្នាក់បាន។ ព័ត៌មានទាំងនោះរួមមាន នាម-នាមត្រកូល អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ថ្ងៃខែឆ្នាំកំណើត រូបថត ព័ត៌មានជីវមាត្រ (ស្នាមម្រាមដៃ) លេខទូរសព្ទ អាសយដ្ឋាន និងព័ត៌មានហិរញ្ញវត្ថុ (លេខគណនីធនាគារ)៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close