ទស្សនវិជ្ជា «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»៖ គ្រឹះនៃការអភិវឌ្ឍជនបទប្រទេសចិន
Cambodia News
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា ក្នុងដំណើរអភិវឌ្ឍប្រទេសចិន ការអភិវឌ្ឍជនបទមិនត្រូវបានមើលឃើញត្រឹមជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឬបង្កើនផលិតកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលភ្ជាប់យ៉ាងជិតស្និទ្ធរវាង«សម្ភារៈនិងវិចារវិទ្យា» «បញ្ហានិងដំណោះស្រាយ» «ទ្រឹស្តីនិងការអនុវត្ត»។ ក្នុងន័យនេះ «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា» អាចត្រូវបានយល់ថា ជាវិធីសាស្ត្រគិតដ៏សំខាន់មួយ ដែលជួយឱ្យចិនស្វែងរកផ្លូវអភិវឌ្ឍជនបទសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។
នៅក្នុងសៀវភៅ«ពេលខុងជឺជួបកាល់ម៉ាក្ស» ដែលបានបោះពុម្ពឆ្នាំ២០២៥ លោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចថា៖
១- ការមើលឃើញវត្ថុ និងបញ្ហាដោយមានលក្ខណៈ អភិវឌ្ឍនិយម ទំនាក់ទំនងគ្នា និងផ្អែកលើភាពជាក់ស្តែង។ ជនបទមិនមែនជាផ្នែកឯកោពីទីក្រុងទេ ប៉ុន្តែជាផ្នែកមួយនៃប្រព័ន្ធសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានជាតិទាំងមូល។ ដូច្នេះ ការអភិវឌ្ឍជនបទត្រូវភ្ជាប់កសិកម្មជាមួយឧស្សាហកម្ម ភ្ជាប់ជនបទជាមួយទីក្រុង និងភ្ជាប់ការកែលម្អជីវភាពជាមួយការការពារបរិស្ថាន។ ជាក់ស្តែង ប្រទេសចិនបានបន្តស្វែងរកវិធីដោះស្រាយបញ្ហាជនបទតាមដំណាក់កាល។ ពីការកែលម្អផលិតកម្មកសិកម្ម និងកំណែទម្រង់ជនបទ ទៅការកាត់បន្ថយភាពក្រីក្រ និងបន្តទៅកាន់យុទ្ធសាស្ត្រ ការស្តារជនបទឡើងវិញ។ ដំណើរនេះបង្ហាញថា ការអភិវឌ្ឍមិនមែនជាដំណើរការដែលមានរូបមន្តតែមួយទេ ប៉ុន្តែត្រូវកែសម្រួលជាបន្តបន្ទាប់តាមការផ្លាស់ប្តូរនៃផលិតភាព សង្គម និងតម្រូវការរបស់ប្រជាជន។ ទស្សនវិជ្ជាបដិសំយោគក៏បង្ហាញពីសារៈសំខាន់នៃការដោះស្រាយភាពផ្ទុយគ្នា។ ក្នុងការអភិវឌ្ឍជនបទ ចិនត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា រវាងការអភិវឌ្ឍនិងការការពារបរិស្ថាន រវាងការរក្សាប្រពៃណីនិងការធ្វើទំនើបកម្ម រវាងការអភិវឌ្ឍផលិតកម្មនិងការកែលម្អគុណភាពជីវិត។ ជំនួសឱ្យការជ្រើសរើសផ្នែកណាមួយដោយផ្តាច់មុខ វិធីសាស្ត្របដិសំយោគស្វែងរកចំណុចដែលអាចធ្វើឱ្យផលប្រយោជន៍ទាំងពីររួមបញ្ចូលគ្នា។ ការអភិវឌ្ឍជនបទចិនសព្វថ្ងៃមិនផ្តោតតែលើការបង្កើនទិន្នផលកសិកម្មទេ ប៉ុន្តែថែមទាំងលើ ឧស្សាហកម្មជនបទ ទេសចរណ៍ជនបទ សេដ្ឋកិច្ចឌីជីថល ការអប់រំ សុខាភិបាល វប្បធម៌ និងការកែលម្អបរិស្ថាន។ នេះជាការផ្លាស់ប្តូរពីការអភិវឌ្ឍដែលផ្តោតលើ «បរិមាណ» ទៅកាន់ការអភិវឌ្ឍដែលផ្តោតលើ «គុណភាព» និងភាពចីរភាព។
២- ប្រជាជនជាស្នូលអាទិភាពនៃការអភិវឌ្ឍ។ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន ប៉ុន្តែជីវភាពប្រជាជនមិនប្រសើរឡើង នោះការអភិវឌ្ឍមិនទាន់សម្រេចគោលដៅពេញលេញឡើយ។ ដូច្នេះ ការអភិវឌ្ឍជនបទចិនបានផ្តោតលើការបង្កើនប្រាក់ចំណូល ការបង្កើតការងារ ការពង្រឹងសេវាសាធារណៈ និងការបង្កើនសមត្ថភាពរបស់ប្រជាជនក្នុងការចូលរួមបង្កើតអនាគតរបស់សហគមន៍ខ្លួន។ តាមទស្សនៈនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីបទពិសោធន៍ចិន គឺការបង្រួបបង្រួមរវាងទ្រឹស្តី និងការអនុវត្ត។ គោលនយោបាយមិនត្រូវបានបង្កើតឡើងដោយផ្តាច់ពីស្ថានភាពជាក់ស្តែងទេ ប៉ុន្តែត្រូវសាកល្បង កែសម្រួល និងពង្រីកតាមបទពិសោធន៍ជាក់ស្តែងនៅមូលដ្ឋាន។ តំបន់នីមួយៗអាចមានធនធាន ប្រវត្តិសាស្ត្រ វប្បធម៌ និងលក្ខខណ្ឌធម្មជាតិខុសគ្នា ដូច្នេះការស្តារជនបទក៏ត្រូវមានលក្ខណៈ «សមស្របតាមមូលដ្ឋាន»។
ជារួម «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា» អាចត្រូវបានចាត់ទុកជាក្របខណ្ឌគតិមួយ ឬជាបទពិសោធន៍មួយ ឬជាមេរៀន មួយដែលមិនអាចចម្លងជាគំរូទាំងស្រុងបានឡេីយ។ បទពិសោធន៍ បស់ប្រទេសចិនគ្រានតែអាចជួយពន្យល់ពីការអភិវឌ្ឍជនបទរបស់ប្រជាជាតិចិន៖ មើលបញ្ហាក្នុងទំនាក់ទំនង មើលការអភិវឌ្ឍក្នុងដំណេីរវិវត្តន៍ ដោះស្រាយភាពផ្ទុយគ្នាតាមលក្ខខណ្ឌជាក់ស្តែង និង បង្រួបបង្រួមទ្រឹស្តីជាមួយការអនុវត្ត។ បទពិសោធន៍នេះបង្ហាញថា ការអភិវឌ្ឍជនបទប្រកបដោយចីរភាពមិនអាចសម្រេចបានតាមវិធីសាស្ត្រតែមួយទេ ប៉ុន្តែត្រូវការការគិតជាប្រព័ន្ធ ការសម្របខ្លួនជាបន្តបន្ទាប់ និងការដាក់ប្រជាជនជាចំណុចស្នូល ៕


