បទវិភាគ៖ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ចិនឈានដល់កម្រិតថ្មី ចិនបានក្លាយជាអ្នករួមចំណែកដ៏សំខាន់ក្នុងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាសកល
Cambodia News
នាពេលថ្មីៗកន្លងទៅនេះ ក្នុងសន្និសីទសារព័ត៌មានមួយចំនួនក្រោមប្រធានបទ ការចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ដែលរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបានប្រើប្រាស់ពាក្យគន្លឹះចំនួន៦ ដើម្បីពិពណ៌នាពីមាគ៌ាសម្រាប់កសាងប្រទេសចិនដ៏ខ្លាំងក្លាផ្នែកវិទ្យាសាស្ត្រក្នុងរយៈពេល៥ឆ្នាំខាងមុខ ពោលគឺ ពង្រឹងមូលដ្ឋានគ្រឹះ ដោះស្រាយបញ្ហាគន្លឹះ អភិវឌ្ឍឧស្សាហកម្ម កែលម្អជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងប្រព័ន្ធរបប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ចិនបានឈានដល់កម្រិតថ្មី កិច្ចកសាងប្រទេសចិនដ៏ខ្លាំងក្លាផ្នែកវិទ្យាសាស្ត្របានបោះជំហានទៅមុខយ៉ាងរឹងមាំ ។ នៅឆ្នាំ២០២៥ ក្នុងសង្គមទាំងមូលរបស់ចិន ការចំណាយសរុបលើការស្រាវជ្រាវនិងអភិវឌ្ឍន៍មានចំនួនលើសពី៣,៩២ទ្រីលានយាន់ប្រាក់ចិន ត្រូវជា២,៨ភាគរយក្នុងGDP ខ្ពស់ជាងកម្រិតមធ្យមនៃប្រទេសជាសមាជិក OECDជាលើកដំបូង ។ «របាយការណ៍ស្តីពីសូចនាករនវានុវត្តន៍ជាតិឆ្នាំ២០២៥»បានបង្ហាញថា ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងតារាងសមត្ថភាពនវានុវត្តន៍ជាតិនៅលើពិភពលោកទាំងមូល ។
ដំណាក់កាល៥ឆ្នាំទី១៥ ជាដំណាក់កាលគន្លឹះសម្រាប់កសាងប្រទេសចិនដ៏ខ្លាំងក្លាផ្នែកវិទ្យាសាស្ត្រ ដូច្នេះ គួរតែស្វែងរកមធ្យោបាយកំណើនជាបន្ទាន់ ដោយពឹងផ្អែកលើការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវនវានុវត្តន៍ផ្នែកគុណភាព ប្រសិទ្ធភាពនិងកម្លាំងចលករ ពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បង្កើតប្រព័ន្ធឧស្សាហកម្មទំនើប ក៏ដូចជាជំរុញឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចិនឈានដល់កម្រិតកាន់តែខ្ពស់ ។
ទាក់ទងនឹងរឿងនេះ លោក Krishna Srinivasan ប្រធានផ្នែកអាស៊ីប៉ាស៊ីហ្វិកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា ថ្នាក់ដឹកនាំដែលមានសិទ្ធសម្រេចរបស់ប្រទេសចិនបានផ្តោតសំខាន់ទៅលើការច្នៃប្រឌិតថ្មី ការសិក្សាស្រាជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយឯករាជ្យ និងការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ។ បច្ចុប្បន្ននេះ ការចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ចិនមានទ្រង់ទ្រាយបន្ទាប់ពីអាមេរិក ដែលបានជាប់ចំណាត់ថ្នាក់ទី ២នៅលើពិភពលោកជាច្រើនឆ្នាំជាប់ៗគ្នា ហើយចំនួនការស្នើសុំអាជ្ញាប័ណ្ណបានជាប់ចំណាត់ថ្នាក់ទី១នៅលើពិភពលោកជាច្រើនឆ្នាំជាប់ៗគ្នា ។ ព្រមពេលជាមួយគ្នានេះ ភាពស្មុគស្មាញផ្នែកបច្ចេកវិទ្យារបស់ផលិតផលចិនដែលនាំចេញទៅបរទេសបានលើកកម្ពស់ជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវការលើកកម្ពស់កម្រិតថ្នាក់នៃនិម្មាបនកម្មឧស្សាហកម្ម ។
លោក Stephen Jackson អ្នកសម្របសម្រួលប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិនបានចុះត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវនៅតំបន់ជាច្រើនរបស់ប្រទេសចិន ។ លោកបានថ្លែងថា ទីក្រុងជាច្រើនរបស់ប្រទេសចិន បាននិងកំពុងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌតំបន់រៀងៗខ្លួន ជំរុញការធ្វើបរិវត្តកម្ម និងលើកកម្ពស់លំដាប់ថ្នាក់របស់ឧស្សាហកម្មថ្មីនិងបៃតង នេះជាសេចក្តីសម្រេចចិត្តដែលមានចក្ខុវិស័យវែងឆ្ងាយ ។ បច្ចុប្បន្ន ពិភពលោកកំពុងជួបប្រទះឃើញរលកថ្មីនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលតំណាងដោយបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច និងជីវបច្ចេកវិទ្យាជាដើម។ ការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗទាំងនេះ បានបង្កើតនូវបរិយាកាសខាងក្រៅដ៏ល្អប្រសើរ សម្រាប់ឱ្យប្រទេសចិនធ្វើបរិវត្តកម្ម និងលើកកម្ពស់លំដាប់ថ្នាក់របស់ឧស្សាហកម្ម ។ ប្រទេសចិនបានចាប់យកឱកាសទាំងនេះយ៉ាងសកម្ម ហើយសម្រេចបាននូវការអភិវឌ្ឍដែលជំរុញដោយការច្នៃប្រឌិតថី្ម ដោយពឹងផ្អែកលើកម្លាំងជាក់ស្តែងស្រាវជ្រាវវិទ្យាសាស្ត្រដ៏រឹងមាំ និងឧស្សាហកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការកសាងទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងេជ្រោយ ។
សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលកំពុងកើនឡើងឥតឈប់ឈរបានឆ្លុះបញ្ចាំងពីភាពរស់រវើកខាងច្នៃប្រឌិតថ្មីរបស់ប្រទេសចិន ខណៈដែលឥទ្ធិពលនៃការច្នៃប្រឌិតថ្មីរបស់ចិននៅលើពិភពលោកក៏បានកើនឡើងជាបន្តបន្ទាប់ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងកិច្ចហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសនិងតំបន់ចំនួនជាង ១៦០ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តររដ្ឋាភិបាលចំនួន ១២០ និងបានចូលរួមអង្គការអន្តរជាតិនិងយន្តការពហុភាគីចំនួនជាង ២០០។ គម្រោងវិទ្យាសាស្ត្រអន្តរជាតិខ្នាតធំដែលផ្តួចផ្តើមឡើងដោយប្រទេសចិន ដូចជា “ផែនដីឌីជីថលក្នុងពេលវេលាជ្រៅ” “ការបំភាយអវិជ្ជមានក្នុងមហាសមុទ្រ” និង “ការរុករកប្រូតេអ៊ីនរបស់មនុស្ស” កំពុងដំណើរការដោយស្ថិរភាព។ ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល ប្រទេសចិនបាននិងកំពុងពន្លឿនក្លាយពីអ្នកចូលរួមនិងអ្នករួមចំណែក ទៅជាអ្នកត្រួសត្រាយនិងអ្នកនាំផ្លូវ ហើយបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលលើកកម្ពស់សមត្ថភាពនវានុវត្តន៍លឿនបំផុត ។
ក្នុងបរិបទគាំពារនិយមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានងើបឡើងវិញនៅលើពិភពលោក ប្រទេសចិនបានប្រកាន់ខ្ជាប់ជំរុញភាពបើកចំហនៃឧបករណ៍វិទ្យាសាស្ត្រទ្រង់ទ្រាយធំនៅទូទាំងពិភពលោក ហើយប្រឆាំងនឹងការបង្កើត “របាំងនិងជញ្ជាំងខ្ពស់” លើវិស័យបច្ចេកវិទ្យា ដើម្បីជំរុញឱ្យអភិបាលកិច្ចការច្នៃប្រឌិតថ្មីសកលឆ្ពោះទៅរកទិសដៅកាន់តែបើកចំហនិងបរិយាបន្ន ។ ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ គឺជាផែនការគោលសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនផង ហើយក៏ជាបញ្ជីឈ្មោះសហប្រតិបតិ្តការជាមួយពិភពលោកផងដែរ ។ នៅលើផ្លូវឆ្ពោះទៅរកសម្រេចបាននូវគោលដៅទំនើបកម្ម ជានិច្ចកាល ប្រទេសចិនតែងតែត្រដាងដៃទាំងសងខាង និងចែករំលែកកាលានុវត្តភាព ដើម្បីរួមសហការជាមួយបណ្តាប្រទេសនានា បង្កើតអនាគតដ៏ល្អប្រសើរប្រកបដោយវឌ្ឍនភាព និងវិបុលភាព ៕
