កូរ៉េខាងជើងព្រមានថាខ្លួនមានមីស៊ីលដែលអាចបាញ់ដល់អាមេរិក
របបកុម្មុយនិស្តកូរ៉េខាងជើងបានប្រកាស នៅថ្ងៃអង្គារនេះថា ខ្លួនមានមីស៊ីល ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក។ ការព្រមាននេះ ត្រូវបានធ្វើឡើង ជាការឆ្លើយត បទៅនឹងកិច្ចព្រមព្រៀងរវាងអាមេរិកនិងកូរ៉េខាងត្បូងជុំវិញការបង្កើនរយៈចម្ងាយ ប្រព័ន្ធមីស៊ីលរបស់កូរ៉េខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ គណៈកម្មការការពារជាតិ ដែលជាស្ថាប័នកំពូល នៃកងទ័ពកូរ៉េខាងជើង បានប្រកាស ថា មូលដ្ឋានទ័ពរបស់អាមេរិក ក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងកោះហ្គ័ម (Guam) ព្រមទាំងប្រទេសអាមេរិកផ្ទាល់ គឺសុទ្ធតែស្ថិតក្នុងរយៈចម្ងាយ ដែលមីស៊ីលកូរ៉េខាងជើងអាចបាញ់ដល់។
ការប្រកាសព្រមាននេះត្រូវបានធ្វើឡើង តែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីអាមេរិកបាន ប្រកាសអំពីកិច្ចព្រមព្រៀងឲ្យកូរ៉េខាងត្បូងដាក់ពង្រាយមីស៊ីលដែលអាចបាញ់បាន រហូតដល់ទៅ ៨០០គីឡូម៉ែត្រ ពោលគឺ អាចបាញ់ទៅដល់គ្រប់កន្លែងទាំងអស់ នៅក្នុងទឹកដីរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ចាប់តាំងពីក្រោយសង្រ្គាមកូរ៉េមក អាមេរិកបានធានាជួយកូរ៉េខាង ត្បូងក្នុងវិស័យការពារជាតិ ដោយមានទាំងដាក់ពង្រាយទាហានអាមេរិកប្រមាណជិត ៣ម៉ឺននាក់នៅក្នុងទឹកដីកូរ៉េខាងត្បូងផង។អាមេរិកក៏បានធានាផងដែរថាប្រទេសណា ដែលហ៊ានប្រើអាវុធនុយក្លេអ៊ែរ វាយប្រហារលើកូរ៉េខាងត្បូង គឺប្រៀបបាននឹងវាយ ប្រហារលើអាមេរិកហើយអាមេរិកនឹងប្រើអាវុធនុយក្លេអ៊ែរតបតវិញ។ជាថ្នូរនឹងការធានា ការពារសន្តិសុខជាតិនេះ កូរ៉េខាងត្បូងបានសន្យាថានឹងមិនផលិតមីស៊ីល ដែលអាច បាញ់លើសពីចម្ងាយ ៣០០គីឡូម៉ែត្រនោះទេ លើកលែងតែមានការព្រមព្រៀងជាមុន ពីសហរដ្ឋអាមេរិក។ ការកំណត់រយៈចម្ងាយមីស៊ីលនេះ ធ្វើឲ្យប្រព័ន្ធមីស៊ីលរបស់ កូរ៉េខាងត្បូងចាញ់ប្រៀបមីស៊ីលរបស់ កូរ៉េខាងជើង ដោយមានទីតាំងយោធាកូរ៉េ ខាងជើងខ្លះ ដែលមីស៊ីលកូរ៉េខាងត្បូងមិនអាចបាញ់ដល់ ចំណែកឯមីស៊ីលកូរ៉េខាង ជើងវិញអាចបាញ់ទៅដល់គ្រប់កន្លែងទាំងអស់ ក្នុងប្រទេសកូរ៉េខាងត្បូង។
កូរ៉េខាងជើងក៏កំពុងអភិវឌ្ឍកម្មវិធីមីស៊ីលអន្តរទ្វីបផងដែរគឺមីស៊ីលធុនTaepodong-2 ដែលអាចបាញ់បានក្នុងចម្ងាយរហូតដល់ទៅ ប្រមាណជា៦០០០គីឡូម៉ែត្រ ពោល គឺអាចបាញ់ដល់អាឡាស្ការបស់សហរដ្ឋអាមេរិក។ក៏ប៉ុន្តែអ្នកជំនាញខាងមីស៊ីល អាមេរិកបានអះអាងថា រហូតមកទល់ពេលនេះកូរ៉េខាងជើងនៅមិនទាន់អាចបាញ់សាក ល្បងមីស៊ីលអន្តរទ្វីបប្រភេទនេះ ប្រកបដោយជោគជ័យនៅឡើយទេ។ ការបាញ់ សាកល្បងទាំងពីរលើក គឺកាលពីឆ្នាំ២០០៦និងឆ្នាំ២០០៩សុទ្ធតែត្រូវទទួលបរាជ័យ ៕ ដោយ សេង ឌីណា (RFI)