លោក Xi Jinping និងលោកស្រី Peng Liyuan ជាភរិយាអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋដែលរៀបចំដោយលោកDonald Trump ប្រធានាធិបតីអាមេរិកនិងលោកស្រី Melania Trump ជាភរិយា
Cambodia News
កាលពីរាត្រីថ្ងៃទី ២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Donald Trump ប្រធានាធិបតីអាមេរិកនិងលោកស្រី Melania Trump ជាភរិយាបានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូនលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយានៅសេតវិមាន ។ នៅពេលដែលលោក Xi Jinping និងលោកស្រី Peng Liyuan ជាភរិយា បានអញ្ជើញទៅដល់សេតវិមាន លោកប្រធានាធិបតី Donald Trump និងលោកស្រី Melania Trump ជាភរិយាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយបានថតរូបជុំគ្នានិងជួបជាមួយភ្ញៀវដែលចូលរួមក្នុងពិធីនេះ ។ ក្នុងពិធីលៀងសាយភោជន៍ លោក Xi Jinping និងលោក Donald Trump បានថ្លែងសុន្ទរកថារៀងៗខ្លួន ។
លោក Xi Jinping បានលើកឡើងថា នៅខែឧសភា ឆ្នាំ ២០២៦ លោក Donald Trump ប្រធានាធិបតីអាមេរិកបានធ្វើទស្សនកិច្ចនៅប្រទេសចិនដោយជោគជ័យ។ ក្នុងរយៈពេលតិចជាង ៦ ខែ ប្រមុខរដ្ឋនៃប្រទេសចិននិងសហរដ្ឋអាមេរិកសម្រេចបាននូវដំណើរទស្សនកិច្ចទៅវិញទៅមក ហើយបានបង្កើតប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ។ ដំណើរទស្សនកិច្ចលើកនេះបានឈានដល់គំនិតឯកភាពរួមថ្មីៗជាច្រើន ដែលបានបំពេញបន្ថែមខ្លឹមសារនៃទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងចិននិងអាមេរិក និងផ្តល់ការណែនាំជាយុទ្ធសាស្ត្រថ្មីសម្រាប់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ។
លោក Xi Jinping បានលើកឡើងថា សព្វថ្ងៃនេះ ទំនាក់ទំនងរវាងចិននិងអាមេរិកបានឈរនៅចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្រថ្មីទៀត ។ លោកប្រធានាធិបតី Donald Trump
បានលើកឡើងថា ធ្វើឱ្យសហរដ្ឋអាមេរិកមានភាពអស្ចារ្យម្តងទៀត។ ប្រទេសចិនកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។ គោលដៅទាំងពីរនេះសុទ្ធតែមានមហិច្ឆតា និងអាចបំពេញបន្ថែមនិងជំរុញដល់គ្នាឱ្យសម្រេចបាន ។ ភាគីទាំងពីរត្រូវបង្ហាញពីការទទួលខុសត្រូវរបស់ប្រទេសដ៏ធំខណៈពេលសមស្របនឹងការរំពឹងទុករបស់ប្រជាជននិងនិន្នាការអភិវឌ្ឍន៍នៃយុគសម័យ ដើម្បីស្វែងរកមាគ៌ាថ្មីមួយដ៏ត្រឹមត្រូវសម្រាប់ប្រទេសចិននិងអាមេរិករួមរស់ជាមួយគ្នា ។
លោក Donald Trump បានថ្លែងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនកាលពីខែឧសភាឆ្នាំនេះ បានធ្វើឱ្យខ្ញុំបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនិងល្អប្រសើរចំពោះភាពកក់ក្តៅ និង ភាពរួសរាយរាក់ទាក់របស់ប្រជាជនចិន ។ នៅក្នុងរាត្រីនេះ ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានរបស់ប្រទេសទាំងពីរបានជួបជុំគ្នា ដើម្បីអបអរសាទរចំណងមិត្តភាពរវាងអាមេរិកនិងចិនដែលឆ្លងកាត់ចម្ងាយយ៉ាងឆ្ងាយ និងមានអាយុកាលជាងមួយសតវត្សរ៍មក ។
ប្រទេសអាមេរិកនិងចិនសុទ្ធតែមានប្រវត្តិសាស្ត្រវប្បធម៌ដ៏យូរលង់ ហើយប្រជាជននៃប្រទេសទាំងពីរមានការផ្លាស់ប្តូរមិត្តភាពក្នុងរយៈពេលយូរ ។ ខ្ញុំមានឆន្ទៈធ្វើការជាមួយលោក Xi Jinping ប្រធានរដ្ឋចិនហើយប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក បន្តពូនជ្រំមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីនាំមកនូវវិបុលភាពនិងសន្តិសុខយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរពីមួយជំនាន់ទៅមួយជំនាន់ ៕



