លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចដែលរៀបចំធ្វើឡើងនៅសេតវិមានដោយលោក Donald Trump ប្រធានាធិបតីអាមេរិក
Cambodia News
នាព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៦ តាមម៉ោងអាមេរិក លោក Donald Trump ប្រធានាធិបតីអាមេរិកបានប្រារព្ធពិធីទទួលបដិសណ្ឋារកិច្ចដ៏មហោឡារឹកនៅសេតវិមាន ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក។
អំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាធ្វើដំណើរ ទៅដល់សេតវិមាន លោក Donald Trump និងលោកស្រី Melania Trump ជាភរិយាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅកន្លែងចុះពីលើរថយន្ត។ ប្រមុខរដ្ឋ និងភរិយានៃប្រទេសទាំងពីរបានថតរូបអនុស្សាវរីយ៍ រួមគ្នា។ ជាកិច្ចបន្ទាប់ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកបានថ្លែងសុន្ទរកថាដោយឡែកពីគ្នា។
លោក Xi Jinpingបានថ្លែងថា លើកនេះខ្ញុំមកបំពេញទស្សនកិច្ចនៅអាមេរិក ក្នុងបំណងបន្តវេននៃការរឹតចំណងមិត្តភាពរវាងចិននិងអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងដើម្បីបង្កើនផលប្រយោជន៍ជូនចំពោះប្រជាជននៃប្រទេសទាំងពីរ។ ចិននិងអាមេរិកជាប្រទេសធំ សុទ្ធតែមានទំនួលខុសត្រូវដ៏សំខាន់នៃប្រវត្តិសាស្ត្រក្នុងការជំរុញការអភិវឌ្ឍ និងភាពរីកចម្រើននៃមនុស្សជាតិ គួរតែបង្កើនការផ្លាស់ប្តូរគ្នា កិច្ចសហប្រតិបត្តិការដោយស្មោះស្មគ្រសុទ្ធចិត្ត និងរួមរស់ដោយសន្តិសហវិជ្ជមាន។
លោក Xi Jinping បានបន្តទៀតថា ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ចិននិងអាមេរិកបានគៀកស្មាគ្នាដើម្បីប្រយុទ្ធប្រឆាំងការឈ្លានពាននៃហ្វាស៊ីស។ ប្រវត្តិសាស្ត្រនេះ ប្រជាជនចិនមិនដែលបំភ្លេច ប្រជាជនអាមេរិកក៏មិនដែលបានបំភ្លេចដែរ។ ក្តីសង្ឃឹមនៃ
ទំនាក់ទំនងចិននិងអាមេរិកផ្តោតលើប្រជាជន អនាគតនៃទំនាក់ទំនងចិននិងអាមេរិកផ្តោតលើយុវជន។ នៅ៥ឆ្នាំខាងមុខនេះ ភាគីចិននឹងអញ្ជើញយុវជនអាមេរិកចំនួន១សែននាក់ទៀតមកផ្លាស់ប្តូរនៅប្រទេសចិន ។ ខ្លាឃ្មុំផេនដាជាបេសកជនពិសេសនៃចំណងមិត្តភាពរវាងប្រជាជនចិន និងប្រជាជនអាមេរិក។ «ឆ្លៀតឱកាសនេះខ្ញុំសូមចែករំលែកដំណឹងល្អមួយគឺ ប៉ុន្មានថ្ងៃខាងមុខនេះ ផេនដាមួយគូរ មួយឈ្មោះPingping និងមួយទៀតឈ្មោះ Fushuang នឹងមកដល់សួនសត្វAtlanta ជួបជាមួយប្រជាជនអាមេរិក។»
«ចូរយើងពួតដៃគ្នាដើម្បី កសាងពិភពលោកឱ្យកាន់តែល្អប្រសើរ!»
លោក Donald Trump ប្រធានាធិបតីអាមេរិកបានថ្លែងថា៖ «ចាប់ពីឆ្នាំ ២០១៦ ដែលខ្ញុំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកលើកទីមួយមក លោក Xi Jinping ប្រធានរដ្ឋចិននិងខ្ញុំបានបង្កើតចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ ចំណងមិត្តភាពនេះ ឈរលើមូលដ្ឋាន គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ស្នូលរបស់ប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិក។ »
ជាកិច្ចបន្ត ប្រមុខរដ្ឋ និងភរិយានៃប្រទេសទាំងពីរចិននិងអាមេរិកបានអញ្ជើញទស្សនាការសម្តែងនៃកងម៉ារីនអាមេរិក៕
